នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានចូលរួមក្នុងកម្មវិធី «សន្និសីទយុវជនក្នុងស្រុក» លើកទី១នៅកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុន Impact Hub Phnom Penh និងយូអិនឌីភីប្រចាំកម្ពុជា (UNDP)។ កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមកិច្ចសន្ទនាពីការប្រែប្រួលអាកាសធាតុ និងសកម្មភាពឆ្លើយតបដែលជួយដល់អាកាសធាតុ និងបរិស្ថាន។ ជាលទ្ធផល តំណាងក្រុមយុវជនបានលើកឡើងគំនិតផ្តួចផ្តើម ចំនួន៥ ដូចខាងក្រោម៖

  • ការជំរុញគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការអភិវឌ្ឍបៃតង (តាមរយៈការគាំទ្របច្ចេកទេស សម្ភារ ការប្រកួតប្រជែងបៃតង និងការចងក្រងបណ្តាញក្រុមយុជន ជាដើម)  
  • ការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព (តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន និងការពង្រឹងយន្តការអនុវត្តច្បាប់ពាក់ព័ន្ធ)
  • ការលើកកម្ពស់ធុរកិច្ចបៃតង/ការងារបៃតង សម្រាប់យុវជន (តាមរយៈការបញ្ជ្រាបការអប់រំ វគ្គបណ្តុះបណ្តាលទាក់ទងការងារបៃតង ការពង្រឹងកិច្ចសហការ) 
  • ការជំរុញការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព
  • ការពន្លឿនដំណើរឆ្ពោះទៅកាន់ការប្រើប្រាស់ថាមពលស្អាត  

លោកបណ្ឌិត ហាក់ ម៉ៅ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាអាទិ៍៖ ការដាក់ចេញនូវរបាយការណ៍ជាតិ យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ក្រសួងបរិស្ថានក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះសំដៅលើកកម្ពស់ ភាពស្អាត បៃតង និងចីរភាព តាមរយៈ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»,  ការជំរុញសហគមន៍អេកូទេសចរ, យុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០%។ល។





  • Share on Social Media