នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានអមដំណើរ ឯកឧត្តម សាម អ៉ីន​ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ.) នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំណាង អនុប្រធានក.ក.ជ. និងដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន យុវជន និងអង្គការសង្គមស៊ីវិល សរុបចំនួន ១២០ នាក់ ក្នុងគោលបំណងពិភាក្សានិងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំឯកសារគាំទ្រដល់ការរួមចំណែករបស់កម្ពុជា សម្រាប់COP28 និងទិវាអាហារូបត្ថម្ភលេីកទី១០​ ជុំវិញប្រធានបទប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះអញ្ជេីញបិទ​ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ប្រធាន​ ក.ក.ជ.​។ 

ជាលទ្ធផល លោកបណ្ឌិត ហាក់ ម៉ៅ បានធ្វើបទបង្ហាញពីបរិបទនៃការប្រែប្រួលអាកាសធាតុ សកម្មភាព គោលនយោបាយ និងផែនការយុទ្ធសាស្រ្តដែលក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលបានរៀបចំដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ ជាពិសេស​ បានចែករំលែកអនុសាសន៍អាទិភាពរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទាំង៣ចំណុចរួមមាន៖ 

  • ទី១- ការគ្រប់គ្រងប្លាស្ទិក ចូលរួមចំណែកថែរក្សាបរិស្ថាន នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសារធាណៈសំខាន់ៗ។
  • ទី២- ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរមកកាន់តំបន់រមណីយដ្ឋាន នៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ទី៣- កត្តាផ្សព្វផ្សាយនូវសក្តានុពលបរិស្ថានទៅលើឆាកអន្តរជាតិនូវសមិទ្ធផលទាំងឡាយ តាមរយៈអ្នកចូលរួម ដែលនឹងប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកដឹកនាំលើវិស័យបរិស្ថាន សំដៅសម្រេចនូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ។

ឯកឧត្តម សាម អ៉ីន បានលើកឡើងអំពីស្ថានភាពងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា និងសកម្មភាពអាទិភាពតាមរយៈសកម្មភាពបន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឯកឧត្តម បានចែករំលែកអំពីគោលនយោបាយជាតិ លិខិតុបករណ៍នានាដែលកម្ពុជាបាននិងកំពុងអនុវត្តដើម្បីឆ្លើយតបនឹងការរប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់សេដ្ឋកិច្ចសង្គម ការពង្រឹងសមត្ថភាព ការអភិរក្សធនធានធម្មជាតិនិងការពង្រឹងសក្តានុពលអេកូទេសចរណ៍ និងដំណើរការឆ្ពោះទៅកាន់អព្យាក្រឹតកាបូន នាឆ្នាំ២០៥០។ ឯកឧត្តម បានផ្តួចផ្តើម និងផ្តល់សារគន្លឹះរបស់ក្រសួងបរិស្ថានពាក់ព័ន្ធនឹងប្រធានបទ ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជូន ក.ក.ជ.តាមការស្នើសុំ។







  • Share on Social Media