នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ចូលរួមដោយសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អ្នកជំនាញការជាតិនិងអន្តរជាតិ ដៃគូពាក់ព័ន្ធ សរុបចំនួន ៣៩រូប ក្នុងគោលបំណងប្រមូលព័ត៌មានពីអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការកំណត់នូវវិធានការ និងការផ្តល់ហិរញ្ញប្បទាន ឬការវិនិយោគតាមវិស័យសំខាន់ៗ ដើម្បីចងក្រងជារបាយការណ៍យុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ ឯកឧត្តម មាស សុផល បានលើកឡើងថា បញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏សំខាន់ និងអន្តរវិស័យ ដែលយើងត្រូវរួមគ្នាគិតគូរ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញកំណត់អាទិភាពគន្លឹះ ៥ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយមុំទី ៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៃបញ្ចកោណទី៤ ៖ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្រសួងបរិស្ថាន នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានណែនាំដ៏ខ្ពង់ខ្ពស់ដល់មន្រ្តីគ្រប់ជាន់ថ្នាក់ ដើម្បីអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្ត្របញ្ចកោណនេះឱ្យបានជោគជ័យ ។

កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ២០១៤-២០២៣ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) និង យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សិក្ខាសាលានេះទទួលនូវមតិយោបល់និងធាតុចូលសំខាន់ៗដើម្បីធ្វើឱ្យប្រសើរនូវការរៀបចំយុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។





  • Share on Social Media