ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Hotel Le Royal Phnom Penh មន្ដ្រីការិយាល័យសារពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីគម្រោងស្រាវជ្រាវ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ ៖ ការវាយតម្លៃទៅលើគោលដៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់របស់កម្ពុជា សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព» ក្រោមការដឹកនាំសម្របសម្រួលដោយ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ 

គម្រោងស្រាវជ្រាវនេះមានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងគិតគូរពិចារណាគោលនយោបាយ និងគំនិតផ្តួចផ្តើមដោយមានភស្តុតាង សម្រាប់ជាជំនួយក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គម ដើម្បីជំរុញកម្ពុជាសម្រេចបាននូវចក្ខុវិស័យដ៏សំខាន់ ព្រមទាំងធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជា។

ជាលទ្ធផល

-  កិច្ចប្រជុំពិគ្រោះយោបល់នេះបានផ្តល់វេទិកាប្រមូលធាតុចូល មតិយោបល់ និងសំណូមពរសម្រាប់កែលម្អលទ្ធផលគម្រោងស្រាវជ្រាវនេះពីស្ថាប័នរដ្ឋ និងឯកជន 

-  តាមរយៈគម្រោងស្រាវជ្រាវរបស់ CDRI បានរកឃើញអាទិភាពកំណែទម្រង់គន្លឹះ ៧ចំណុច ដើម្បីកម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺ ១.ការវិនិយាគផ្ទាល់ពីបរទេស ២.ស្តង់ដារនៃការប្រមូលទិន្នន័យនិងគ្រប់គ្រងទិន្នន័យ ៣.ការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ៤.ការវិនិយោគលើធនធានធម្មជាតិ ថាមពលកកើតឡើងវិញប្រកបដោយនិរន្តរភាព ៥.ទំនើបកម្មលើវិស័យកសិកម្ម ៦.កែលម្អពិពិធកម្មវិស័យកម្មន្តសាល ៧.កំណែទម្រង់លើវិស័យអប់រំប្រកបដោយគុណភាព ជំនាញ ឌីជីថល STEM

- ក្រសួងបរិស្ថាន ស្នើឱ្យពិនិត្យមើលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺមានបញ្ចកោណចំនួន៥ ហើយគម្រោងស្រាវជ្រាវនេះគឺលើកយកបញ្ចកោណទី៤ ៖ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន មកសិក្សាស្រាវជ្រាវដូច្នេះមិនអាចវាយតម្លៃយុទ្ធសាស្ត្រជារួមបានទេ។ បន្ថែមពីលើនេះក៏បានស្នើឱ្យបញ្ចូលនូវគម្រោង REDD+ ការវិនិយោគឥណទានកាបូនរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបង្កើនគម្របព្រៃឈើនៅឆ្នាំ២០៥០ ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ការជំរុញប្រសិទ្ធភាពថាមពល ការវិនិយោគលើថាមពលកកើតឡើងវិញជាដើម

- ជារួម កម្ពុជាត្រូវធានាកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដោយរួមបញ្ចូលទាំងស្ត្រី ការប្រយុទ្ធប្រឆាំងនឹងការរើសអើងយេនឌ័រ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ

- នាយិកាប្រតិបត្តិ CDRI បានទទួលយកនូវរាល់មតិយោបល់ទាំងអស់ដែលបានលើកឡើង ហើយនិងបញ្ចូលទៅក្នុងគម្រោងស្រាវជ្រាវរបស់ក្រុមការងារគាត់ដើម្បីឱ្យមានភាពប្រសើរឡើង។


  • Share on Social Media