បាត់ដំបងៈ នៅលើ​ទីវាល​មាន​ទេស​ភាព​ខៀវស្រងាត់​លាតសន្ធឹង​ដាច់​កន្ទុយ​ភ្នែក​ដែល​យូរៗ​ម្តង​គេ​ឃើញ​ទោរទន់​ទៅតាម​កម្លាំង​ខ្យល់​បក់ នោះ​ហើយ​គឺជា​ដើម​​ស្រូវ​ដែល​ត្រូវបាន​ដាំ​ដោយ​ប្រើ​ជីសរីរាង្គ​​កាបូន​ធ្យូង​អង្កាម​របស់​ប្រជាកសិករ​ជាង​ ១០​ គ្រួសារ រស់នៅ​ភូមិ​សំបុក​អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។

កំពុង​ឈរ​ពីមុខ​វាលស្រែ​របស់ខ្លួន​ដែលមាន​ដើមស្រូវ​កំពុង​ដាក់​គ្រាប់ លោក​ សៀន ហៀ​ង អាយុ​ ៥២ ​ឆ្នាំ គឺជា​កសិករ​ ១ ​រូប ​ក្នុងចំណោម​កសិករ​ជាង ​១០​ គ្រួសារ​ ដែល​បាន​ដាំ​ស្រូវ​ដោយ​ប្រើ​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​នេះ​។

លោក​បានផ្តល់​បទ​បង្ហាញ​ដល់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ខែធ្នូ​ថ្មីៗ​នេះ​ថា លោក​មាន​ដី​ទំហំ ៣ ​ហិកតា ហើយ​កាលពីមុន​លោក​បានធ្វើ​ស្រែ​ដាំ​ស្រូវ​ប្រភេទ​ពូជ​ស្រងែ​​ស្រាល​ក្នុង ​១ ​ឆ្នាំ ​២ ​ដង ដោយ​ប្រើតែ​ប្រ​​ភេទ​ជីគីមី ​(​អ៊ុយ​រ៉េ​)​​ ប៉ុណ្ណោះ​។ លុះ​បន្ទាប់ពី​លោក​បាន​យល់ដឹង​ពី​កម្មវិធី​​សម្ព័ន្ធភាព​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា ​CCCA3 ក្រោម​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន លោក​ក៏បាន​ប្តូរ​មក​ប្រើ​​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​វិញ​ដែល​មកទល់ពេលនេះ មាន​រយៈពេល​ ១ ​ឆ្នាំ​ហើយ​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ប្រើ​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​បាញ់​លើ​ដំណាំ​ស្រូវ​វា​មិន​ក្រហល់ក្រហាយ​លើ​ស្បែក និង​មិន​ប៉ះពាល់​សុខភាព​ទេ​។ រីឯ​ជីគីមី​វិញ​ពេល​យើង​បាញ់​ក្នុង​ស្រែ​វា​បំ​ភាយ​ក្លិន​មិនល្អ ​និង​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​»​។

លោក​បាន​បន្ថែមថា កាលពី​លោក​នៅ​ប្រើ​ជីគីមី​អ៊ុយ​រ៉េ គឺ​ទិន្នផល​ស្រូវ​ក្នុង ​១ ​ហិ​ក​តា​ ផ្តល់​ផល​ប្រហែល​ ៦ ​តោន ​ច្រើនណាស់​ទៅហើយ ខណៈ​ការប្រើ​ជីគីមី​នោះ​អស់​ក្នុង​ចន្លោះ​ពី ​៧ ទៅ​ ៨​ ការុង ​ក្នុង​ដីស្រែ​ ១​ ហិកតា និង​បាន​ចំណាយ​លើ​ការទិញ​ជី​អស់ប្រាក់​ជិត ​២ ​លាន​រៀល​ឯណោះ​។ ប៉ុន្តែ​ក្រោយពី​លោក​ប្តូរ​មក​ប្រើ​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​សាកល្បង ការធ្វើ​ស្រែ​លើក​ទី​១ លោក​ទទួលផល​បាន​ជាង ​៨ ​តោន ក្នុង​ ១​ ហិកតា ហើយ​ស្រូវ​មាន​កួរ​ច្រើន និង​ដើម​ធំ​ល្អ​ជាង​ប្រើ​ជីគីមី។

លោក​បានឱ្យដឹងថា ការប្រើ​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម គឺ​វា​ជួយ​ដី​ឱ្យមាន​ជី​​ជាតិ និង​ជួយ​ដល់​បរិស្ថាន ព្រោះ​វា​ផ្ទុក​សារ​​ធាតុ​កាបូន​នៅក្នុង​ដី​។ ទោះបីយ៉ាងណា​លោក​ក៏​នៅ​ប្រើ​ជីគីមី​ ១ ​ទៅ ​២ ​ការុង​ លាយ​នឹង​ជី​អង្កាម​ខ្លះ​ដែរ ពីព្រោះថា ដី​ដែល​ធ្លាប់តែ​ប្រើ​ជីគីមី បើ​មិន​ប្រើ គឺ​មិន​បានទេ​។

តំណាងកម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​នៃ​ក្រ​​សួង​បរិស្ថាន​បានលើកឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ​ជីវភាព​ក្នុង​តំបន់ការពារធម្មជាតិ និង​ការធ្វើ​កសិកម្ម​ធន់​នឹង​អាកាសធាតុ​នៅ​ខេត្តបាត់ដំបង​ថា នេះ​គឺជា​ដំណាក់កាល​ទី​៣​ នៃ​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ឬ​The Cambodia Climate Change Alliance-Phase III (CCCA3)​ ដែល​បាន​កសាង​សមិទ្ធផល​បន្ទាប់ពី​ដំណាក់​​កាល​ទី​១ និង​ទី​២ (២០១០-២០១៤, ២០១៤-១៩)​​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ព័ត៌មាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​បញ្ជ្រាប​ដល់​អ្នកពាក់ព័ន្ធ ជាពិសេស​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ គឺ​គាត់​ទទួលបាន​ចំណេះដឹង​ទាក់​​ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។

គម្រោង​ទាំងនេះ​ គឺ​ទទួលបាន​ជំនួយ​ពី​សហភាព​​អឺរ៉ុប ពី​ប្រទេស​ស៊ុយអែត និង​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP) ​ក្នុង​ទឹកប្រាក់​សរុប​ចំនួន ១១ ៨៦៨ ៨៩៥​ ដុល្លារ​សហរដ្ឋអាមេរិក ហើយ​គម្រោង​ (CCCA3)​ នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែមិថុនា ឆ្នាំ ​២០២៤។

ក្នុងចំណោម​គម្រោង​ទាំង​ ២២​ ក្នុង​ខេត្ត​បាត់​​ដំបង គឺមាន​ការទាក់ទង​នឹង​ការលើក​​កម្ពស់​សមត្ថភាព​ធន់ និង​អនុវត្ត​ប្រកប​​ដោយ​ចីរភាព​ហើយ​គម្រោង​នេះ​បាន​ផ្ដោតទៅលើ​ការជំរុញ​វិស័យ​កសិកម្ម។ មានន័យថា ក្រសួងបរិស្ថាន​ផ្តល់ជំនួយ​ទៅដល់​សហគមន៍​កសិក​ម្ម​ដែល​ធ្វើ​យ៉ាង​​ម៉េច​បណ្តុះបណ្តាល​ស្មារតី និង​សមត្ថ​ភាពទាក់ទង​នឹង​ការធ្វើ​កសិកម្ម​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

តំណាង CCCA3 លោក​បាន​បញ្ជាក់ថា​៖ «​កសិករ​ប្រើ​ជី​ប្រភេទ​កាបូន គឺជា​ប្រភេទ​ជី​អង្កាម​ដែល​ដុត​ក្នុង​សីតុណ្ហភាព ​៧០០ ​អង្សា​សេ គឺ​ក្នុងពេល​ដុត​ចេញ​ជា​ជី​នេះ វា​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឧស្ម័ន​មេតាន ឧស្ម័ន​កាបូន​ក្នុង​បរិយាកាស​ទេ គឺ​វា​អាច​ផ្ទុក​ឧស្ម័ន​ក្នុង​ដី​មិន​បញ្ចេញ​ទៅក្នុង​បរិយាកាស​ទេ​»​។

លោក​បាន​បញ្ជាក់ថា រុក្ខជាតិ​វា​អាច​លូតលាស់​បាន​ដោយសារ​កាបូន និង​អា​ហ្សូ​ត អ៊ីចឹង​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​ដែល​ផលិត​នេះ​វា​សម្បូរ​ដោយសារ​ធាតុ​​កាបូន​ដែល​ធ្វើឱ្យ​រុក្ខជាតិ​លូតលាស់​បាន​លឿន ហើយ​ទិន្នផល​ក៏បាន​ខ្ពស់​ដែរ​។

លោក​ថា ជី​ប្រភេទ​នេះ​បាន​ចូលរួម​ក្នុងការ​ប្រែប្រួល​អាកាសធាតុ​។ វា​ចូល​​រួម​ជាមួយនឹង​ការងារ​បន្សំ ព្រោះ​នៅពេល​ដំណាំ​របស់​កសិករ​មាន​ទិន្នផល​ខ្ពស់​គាត់​អាចមាន​ចំណូល​បន្ថែម បើកាលណា​គាត់​មាន​ចំណូល​គឺ​គាត់​យក​ចំណូល​នេះ​ទៅ​ពង្រឹង​ជីវភាព​របស់គាត់​ដែល​នេះ​ជា​យន្តការ​បន្សំ​។

ពាក់ព័ន្ធ​នឹង​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​​នេះ លោក មុំ ទិ​ត អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ហាស​វេន​ឈ័​រ ​(​ខេ​ម​បូ​ឌា​) HUSKVERNTURES (CAMBODIA) CO.LTD ​បាន​លើកឡើងថា ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​នេះ​អាច​រក្សា​សារធាតុចិញ្ចឹម​នៅក្នុង​ដី​បានយូរ​សម្រាប់​ដំណាំ​កសិកម្ម និង​ជួយ​ដល់​បរិស្ថាន​ច្រើន ព្រោះ​សត្វល្អិត​រស់នៅក្នុង​ដី វា​ត្រូវការ​សារធាតុ​​កាបូន​ជា​ចំណីអាហារ ហើយ​បើ​កាល​​ណា​វា​មានជីវិត វា​នឹង​ជួយ​បង្កើត​ជីជាតិ​ដី ហើយ​ដី​ជា​អ្នកផ្គត់ផ្គង់​ដល់​ដំណាំ​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជីសរីរាង្គ​កាបូន​ធ្យូង​អង្កាម​មិន​បំ​ភាយ​ឧស្ម័ន​អុក​​ស៊ីហ្ស៊ែ​ន​ទៅក្នុង​បរិយាកាស​ទេ​។ ជី​នេះ​ជាទូទៅ​កសិករ​ភ្ជួរ​ដី​កប់​បាត់​ហើយ អ៊ីចឹង​ទាក់ទង​នឹង​ការ​សាយ​ភាព​កាបូន​ទៅក្នុង​​បរិយាកាស វា​គ្មាន​តែម្តង​»​។

ចំពោះ​តម្លៃ​ស្រូវ​ក្នុង​ខេត្តបាត់ដំបង​សម្រាប់​ខែធ្នូ ​ក្នុង​ឆ្នាំ ​២០២៣ គឺមាន​តម្លៃ​ក្នុង ​១ ​គីឡូក្រាម ១ ៣០០ ​រៀល គឺ​ថ្លៃ​ជាង​ឆ្នាំ ​២០២២ ដែលមាន​តម្លៃ​ត្រឹមតែ​ ១ ០០០ ទៅ ​១ ១០០ ​រៀល​ប៉ុណ្ណោះ​ ក្នុង​ ១ ​គីឡូក្រាម​។ នេះ​បើតាម​កសិករ​ម្នាក់ទៀត​ឈ្មោះ ទិ​ត្យ កើ អាយុ​ ៦០​ ឆ្នាំ រស់នៅ​ឃុំ​​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។

ខណៈ​កំពុង​ឈរ​មើល​កូន​កត់ត្រា​ចំនួន​ការុង​ស្រូវ​ដែល​កម្មករ​កំពុង​លី​ឡើង​​ដាក់​លើ​រថយន្ដ បុរស​ដែលមាន​ដី​ទំហំ ​៨ ​ហិកតា​រូបនេះ បាន​ប្រាប់ថា គ្រួសារ​របស់លោក​មាន​សមាជិក​ជិត ​១០ ​នាក់ តែ​លោក​បាន​ធ្វើស្រែ​ដោយ​ប្រើ​ជីគីមី​ភាគច្រើន​។ នៅ​ឆ្នាំ ​២០២៣ លោក​ធ្វើ​ស្រូវ​បាន​ជាង ​២០ ​តោន តែ​បាន​លក់​ចេញ​វិញ​ខ្លះ ព្រោះ​លើសពី​ការ​ទុក​ហូប​។

លោក​ប្រាប់ថា​៖ «​គ្រួសារ​ខ្ញុំ​ធ្វើ​ស្រូវ​បាន​ច្រើន តែ​អាស្រ័យ​ទៅតាម​អ្នកមាន​ដីស្រែ​ច្រើន​ដែរ​ទេ ឆ្នាំនេះ​ (២០២៣) ​ស្រូវ​បាន​ថ្លៃ​គ្រាន់បើ​ជាង​ឆ្នាំមុនៗ​។ ស្រូវ​សម្រាប់​លក់ ខ្ញុំ​ច្រក​ក្នុង ​១ ​ការុង​ទម្ងន់​ ៦០​ គីឡូក្រាម តែ​មិនដឹងថា​គេ​ទិញយក​ទៅណា​ទេ​»។

អត្ថបទ៖ Phnom Penh Post




រូបភាព៖ ក្រសួងបរិស្ថាន 

  • Share on Social Media