ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ លោក លៀង សុផល អនុប្រធាននាយកដ្ឋាន និងលោកស្រី សែត សោប៉ុណ្ណលាភ អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីក្រសួងបរិស្ថានចំនួន ២ រូបទៀត បានចូលរួមវគ្គបណ្ដុះបណ្ដាលលើកទី៦ ស្ដីពី ប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ UNOSD នៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) រួមជាមួយ UNESCAP UNFCCC IPCC និងនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងបរិស្ថាននៃព្រះរាជាណាចក្រថៃ ដោយមានការចួលរួមពីបណ្ដាប្រទេសចំនួន ១១ (សរុបអ្នកចូលរួមចំនួន ៣០រូប) រួមមាន៖ កម្ពុជា ឡាវ ស្រីលង្កា ឥណ្ឌូនេស៊ី ប៉ាពួញហ្គីណេ តាជីគីស្ថាន ប្រ៊ុយណេ កាហ្សាក់ស្ថាន បង់ក្លាដេស ហ្វីលីពីន និងហ្គាណា។ 

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ 

១. ពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញលើការបង្កើតប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់តាមរយៈការយល់ដឹងកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌ ETF និងទម្រង់បែបបទ នីតិវិធី និងសេចក្តីណែនាំ ទម្រង់របាយការណ៍តម្លាភាពពីរឆ្នាំម្តង (BTR) ការរាយការណ៍ព័ត៌មានអេឡិចត្រូនិចតាមរយៈឧបករណ៍រាយការណ៍ ETF

២. ការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍កម្រិតខ្ពស់របស់រដ្ឋាភិបាល លើការបង្កើតប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ រួមបញ្ចូលទាំងការរាយការណ៍ព័ត៌មានអេឡិចត្រូនិច និង

៣. ជម្រុញសិក្ខាកាមចូលរួមលើការរៀបចំ  ការធ្វើបច្ចុប្បន្នភាព NDC 3.0 ជាមួយនឹងជំនាញកម្រិតខ្ពស់ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍។ 

វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖ 

  • ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញដោយផ្តោតលើ ETF ដែលជាសមាសធាតុសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍
  • របាយការណ៍តម្លាភាពពីរឆ្នាំ (BTR) និងរបាយការណ៍ព័ត៌មានអេឡិចត្រូនិក
  • ការអនុវត្តន៍ជាក់ស្តែងលើកម្មវិធីសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG Inventory Software) រួមបញ្ចូលទាំងការបង្ហាញអំពីការប៉ានប្រមាណ និងការរាយការណ៍នៃការបញ្ចេញឧស្ម័នដោយប្រើប្រាស់កម្មវិធីសារពើភ័ណ្ឌ IPCC និងអន្តរប្រតិបត្តិការជាមួយឧបករណ៍រាយការណ៍ ETF សម្រាប់សារពើភ័ណ្ឌផ្ទះកញ្ចក់ និង
  • ការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទៅលើ ការរៀបចំស្ថាប័នដើម្បីរៀបចំរបាយការណ៍ NDC 3.0 និងដំណើរការរៀបចំ BTR ក៏ដូចជាបញ្ហាប្រឈមសំខាន់ៗនៅក្នុងដំណើការរៀបចំ BTR។ 







  • Share on Social Media