ខេត្តខនកែន ប្រទេសថៃ៖​ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កញ្ញា ឌីន ភារុណ មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការបង្កើតដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ខ្សែចង្វាក់តម្លៃកសិកម្មដែលធន់នឹងអាកាសធាតុ ដោយមានអ្នកចូលរួមចំនួន១៥នាក់ តំណាងរាជរដ្ឋាភិបាល គ្រឹស្ថានសិក្សា បុគ្គលិកធនាគារ និងបុគ្គលិកផ្នែកហិរញ្ញវត្ថុ មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ វគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយវិទ្យាស្ថានមេគង្គ(Mekong Institute-MI) និងសមាគមឥណទានជនបទ និងកសិកម្មអាស៊ីប៉ាស៊ីហ្វិក(Asia-Pacific Rural and Agricultural Credit Association-APRACA)  ក្នុងគោលបំណង៖ ១) បង្កើនចំណេះដឹងអំពីវិធីសាស្រ្តចុងក្រោយនៃការកំណត់អត្តសញ្ញាណកសិករ(Profiling farmers)  ២) អភិវឌ្ឍជំនាញក្នុងការកែច្នៃផលិតផលកម្ចី (loan product) ដែលរួមបញ្ចូល កម្ចីបៃតង សំដៅលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ៣) បង្កើនចំណេះដឹងអំពីយុទ្ធសាស្រ្តទីផ្សារប្រកបដោយប្រសិទ្ធភាព ដើម្បីផ្សាភ្ជាប់អត្ថប្រយោជន៍នៃផលិតផលកម្ចីបៃតង (Green loan product) ជាសហគមន៍កសិកម្ម និងនៅក្នុងខ្សែចង្វាក់តម្លៃផលិតផល និង ៤) ជំរុញបណ្តាញកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការកែលម្អផលិតផលហិរញ្ញវត្ថុកសិកម្ម។ 

វគ្គបណ្ដុះបណ្ដាលទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១) សិក្ខាកាមយល់ដឹងអំពី ហានិភ័យអាកាសធាតុ ដោយមានការធ្វើបទបង្ហាញដោយអ្នកជំនាញ មានដូចជា រលកកម្ដៅ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ដែលផ្ដល់ផលប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសសម្រាប់ប្រទេសនៅតំបន់ទន្លេមេគង្គ។ ការកំណត់អត្តសញ្ញាណកសិករមានសារសំខាន់ ដើម្បីកំណត់ភាពងាយរងគ្រោះរបស់កសិករ តម្រូវការរបស់កសិករ ហានិភ័យដែលអាចកើតឡើង និងស្វែករកដំណោះស្រាយហិរញ្ញវត្ថុ និងពេលជួបបញ្ហាប្រឈមក្នុងអំឡុងពេលចុះទៅកំណត់អត្តសញ្ញាណកសិករ។ ម្យ៉ាងវិញទៀត ការកំណត់អត្តសញ្ញាណកសិករ ជាយន្តការមួយសម្រាប់ ឱ្យអ្នកចូលរួមជាពិសេសសម្រាប់បុគ្គលិកធនាគារដើម្បីត្រៀមរួចជាស្រេចក្នុងការគាំទ្រ ផ្ដល់សេវាកម្ចីដល់ប្រជាជន និងស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុលើវិស័យកសិកម្ម។ និង ២) រចនាផលិតផលកម្ចីដល់ប្រជាជន សំដៅលើការរចនាផលិតផលផ្អែកលើបច្ចេកវិទ្យា ដែលផលិតផលនោះមិនចំពោះតែការផ្ដល់ប្រាក់កម្ចីធម្មតា ប៉ុន្តែគឺជាការគិតគូរដល់តម្រូវការប្រជាជនក្នុងវិស័កសិកម្ម ស្វែករកដំណោះស្រាយក្នុងខ្សែចង្វាក់ផលិទ្ធកម្មកសិកម្ម នៅក្នុងបរិបទការប្រែប្រួលអាកាសធាតុ និងស្វែករកទីផ្សារឱ្យប្រជាជន ដើម្បីធានាឱ្យបានថាផលិតផលដែលប្រជាជនផលិតបានគឺមាននៅក្នុងទីផ្សារផ្គត់ផ្គង់ និងនាំចេញប្រកបដោយគុណភាព និងតម្លៃ។ 








  • Share on Social Media