ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមដំណើរទស្សនៈកិច្ចសិក្សាជាមួយដៃគូរអភិវឌ្ឍន៍ និងក្រសួងដៃគូរ ដើម្បីពិនិត្យសកម្មភាពគម្រោង ដែលរៀបចំឡើងដោយ អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្ដម ហេង គុណលៀង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមតំណាងពីថ្នាក់ដឹកនាំនិងមន្ដ្រីនៃក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ក្រុមការងារអង្គការ SNV និងរដ្ឋបាលថ្នាក់ក្រោមជាតិមកពីខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកំពង់ស្ពឺ ខេត្ដកំពត ខេត្ដបាត់ដំបង និងខេត្ដសៀមរាប សរុប ចំនួន ៥៦នាក់។ ដំណើរទស្សនៈកិច្ចនេះមានគោលបំណង បង្ហាញពីសកម្មភាពរបស់អង្គការSNV ពីវិស័យចម្អិនស្អាត និរន្ដរភាពនៃវិស័យកសិកម្ម និង ពិភាក្សាជាមួយដៃគូរពាក់ព័ន្ធសំខាន់ៗលើគោលបំណងធំៗរបស់អង្គការ SNV ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរជាប្រព័ន្ធដែលមានភាពបញ្ចូលគ្នានៅក្នុងវិស័យទាំងនេះ។ 

ដំណើរទស្សនៈកិច្ចសិក្សារយៈពេល៣ថ្ងៃនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

  • បានចុះទស្សនានិងពិនិត្យលើការងារឡជីវឧស្ម័ន សហគ្រាសផលិតជីធ្យូងអង្គាម (Biochar by HUSK) កសិដ្ឋានដាំបន្លែលើទឹកដោយប្រើប្រព័ន្ធថាមពលសូឡាខ្នាតតូច និងសហគ្រាសផលិតចង្ក្រានស្អាត (African Clean Energy Solutions Cambodia)
  • បានចូលរួមក្នុងពិធីប្រកាសភូមិគ្មានផ្សែងដែលជាអន្ដរាគមន៍របស់អង្គការSNV ក្នុងនោះមានចំនួន ៣៧ ភូមិ នៃខេត្ដគោលដៅទាំង៤ 
  • បានចូលរួមក្នុងសកម្មភាពផ្លាស់ប្ដូរឥរិយាបថនៅកម្រិតសហគមន៍ និងផ្ដល់នូវឱកាសសម្រាប់ស្វែងយល់គំនិតផ្ដួចផ្ដើមចេញពីអ្នកទទួលផល អ្នកដឹកនាំអាជីវកម្ម និងទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំសហគមន៍
  • បានចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនៃដំណើរទស្សនៈកិច្ច ដោយមានការផ្ដល់មតិយោបល់ សំណូមពរ និងធាតុចូលពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ។







  • Share on Social Media