លោកស្រី សែត សោប៉ុណ្ណលាភ អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រែប្រួល អាកាសធាតុ បានចូលរួមចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបរិស្ថាន នៅក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេសថ្នាក់ជាតិ ស្តីពី អង្កេតយេនឌ័រនិងបរិស្ថាននៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដោយបាន សហការជាមួយទីភ្នាក់ងារសហប្រជាជាតិលើកកម្ពស់យេនឌ័រ និងពង្រឹងភាព អង់អាចដល់ស្ត្រី (UNWomen) ក្នុងគោលបំណងដើម្បីកំណត់វិធីសាស្ត្រ ស្តីពីការអង្កេតយេនឌ័រ និងបរិស្ថាននៅកម្ពុជា ដោយធ្វើការពិនិត្យមើល ពីទស្សនទាន កម្រងសំណួរ និងវិធីសាស្ត្រស្រង់ទិន្នន័យទាក់ទងយេនឌ័រ និងបរិស្ថាន ដើម្បីរៀបចំអនុវត្ត និងត្រួតពិនិត្យយុទ្ធសាស្រ្តយេនឌ័រពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ។  ​

លោកស្រីបានធ្វើការចែករំលែក ស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុនៅ កម្ពុជា ដោយបានលើកយកចំណុចសំខាន់ៗ ចំនួន ៣ រួមមាន៖

  • ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុ៖ សាវតារបស់កម្ពុជាក្នុងការចូលរួមជាមួយអន្តរជាតិលើការងារប្រែប្រួលអាកាសធាតុ ការរៀបចំស្ថាប័ន ក៏ដូចជាការរៀបចំគោលនយោបាយនានា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ 
  • យេនឌ័រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ១) សារសំខាន់ក្នុងការគិតគូ រួមបញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល និងផែនការ យុទ្ធសាស្រ្តជាតិឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ២) ការបង្ហាញអំពី ផលប៉ះពាល់ជាក់លាក់ពីការប្រែប្រួលអាកាសធាតុចំពោះស្ត្រី និងកុមារី ៣) ការបង្ហាញអំពីផែនការ កម្មវិធី និងគោលនយោបាយនានា ដែលបានដាក់បញ្ចូល វិស័យយេនឌ័រ ដែលឆ្លើយតបទៅនឹងតម្រូវការស្រ្តី និងកុមារី និងការជម្រុញលើក កម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគ្រប់កម្រិត។ 
  • ស្ថានភាពយេនឌ័រក្នុងដំណើរការប្រព័ន្ធតាមដាន NDC/LTS4CN (NDC/LTS4CN Tracking System)៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ តាមដានវឌ្ឍនភាពនៃរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) ដើម្បីធានាថាសកម្មភាពអាទិភាពជាតិ ដែលបានកំណត់នៅ ក្នុងរបាយការណ៍បច្ចុប្បន្នភាព NDC សម្រេចបានតាមគោលដៅដែលបាន កំណត់ ក្នុងដែរទិន្នន័យអំពីការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ ត្រូវបានរាយការណ៍នៅក្នុង NDC Tracking System នេះផងដែរ។ 

ក្នុងនោះដែរ កិច្ចប្រជុំពិភាក្សានេះក៏មានការចែករំលែកទាក់ទងនឹងយុទ្ធសាស្ត្រ ជាតិទាក់ទងនឹងសមភាពយេនឌ័រ ក៏ដូចជាការបង្ហាញអំពីទម្រង់នៃការអង្កេត និងការពិភាក្សាតាមក្រុមដើម្បីស្វែងយល់ពីបរិបទយេនឌ័រ និងបរិស្ថាន រួមទាំងការប្រែប្រួលអាកាសធាតុ និងភាពធន់និងវិបត្តិនានានៅកម្ពុជា ក៏ដូចជាតម្រូវការព័ត៌មានសំខាន់ៗ ដែលនឹងកំណត់ពីអាទិភាពនៃ ការប្រមូលទិន្នន័យនេះ។ ការរៀបចំដាក់ចេញនៅជំហានបន្ទាប់ក្នុងការប្រមូល ទិន្នន័យ និងការប្រើប្រាស់ទិន្នន័យយេនឌ័រ ដែលធានាឱ្យបាននូវគុណភាព និងមានភាពសមស្របទៅតាមអាទិភាពជាតិ និងឆ្លើយតបចំពោះតម្រូវការរបស់ អ្នកផលិតទិន្នន័យ និងអ្នកធ្វើគោលនយោបាយ។ 


  • Share on Social Media