ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដោយ ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងមន្ដ្រីជំនាញពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ក្រុមហ៊ុន VERY WORDS CO.,LTD នៅបន្ទប់ប្រជុំកោះកេរ្តិ៍ ទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា ក្រសួងបរិស្ថានមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការឥណទានកាបូនជាមួយប្រទេសសិង្ហបុរី ក្នុងគោលបំណងផ្ទេរឥណទានកាបូនដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៃ NDC និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ 

ជាលទ្ធផល

- ក្រុមហ៊ុន VERY WORDS CO.,LTD មានគោលដៅ និងវិធីសាស្ត្រច្បាស់លាស់ក្នុងការដាក់ស្នើសុំជាគម្រោងឥណទានកាបូន ក្រោមមាត្រា៦.២ និងបានបញ្ជាក់ពីការស្នើសុំការចុះហត្ថលេខាលើលិខិតអនុញ្ញាត (LoA) កិច្ចព្រមព្រៀងលើផែនការអនុវត្តគម្រោង និងកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ផងដែរ។

- ក្រុមហ៊ុន បានទទួលការអនុញ្ញាតអនុវត្តគម្រោងស្តីពី ការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា តាំងពីឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានគោលបំណងពង្រីកវិសាលភាពនៃការប្រើប្រាស់យានយន្តអគ្គិសនី និងរៀបចំតម្លើងហេដ្ឋារចនាសម្ព័ន្ធសាកថ្មយានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។

- ការបែងចែកឥណទានកាបូននេះតាមវិធីសាស្ត្រកែតម្រូវឱ្យត្រូវគ្នា គឺរយៈពេល១០ឆ្នាំដំបូងនឹងត្រូវបានបញ្ចូនបរិមាណឥណទានទាំងស្រុងទៅកាន់រដ្ឋាភិបាលប្រទេសកូរ៉េ និងរយៈពេល១០ឆ្នាំបន្ទាប់មកកាន់ប្រទេសកម្ពុជា ហើយក្រសួងបរិស្ថាននឹងពិភាក្សាចរចាលើការបែងចែកផលប្រយោជន៍បរិមាណឥណទានកាបូនជាមួយក្រុមហ៊ុននៅពេលក្រោយ។ 

- ក្រុមហ៊ុន VERY WORDS CO.,LTD កំពុងអនុវត្តគម្រោងយានយន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប 

- ក្រុមហ៊ុន VERY WORDS គ្រោងនិងសហការជាមួយក្រុមហ៊ុន KOTRA នៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តគម្រោងស្រដៀងគ្នា

- ក្រុមហ៊ុន ស្នើសុំលិខិត LOA ពីក្រសួងបរិស្ថានឱ្យបានមុនចូលឆ្នាំខ្មែរ ដើម្បីមានលទ្ធភាពយកទៅអនុវត្តគម្រោងបានឆាប់

- ឯកឧត្តមប្រធានស្នើឱ្យមន្ត្រីនាយកដ្ឋានប្រែប្រួលអាកាសធាតុរៀបចំរបាយការណ៍ជូន ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថាន ដើម្បីស្នើសុំចេញលិខិត LOA ឱ្យបានមុនចូលឆ្នាំខ្មែរតាមសំណូមពរ



 

  • Share on Social Media