នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្របានអមដំណើរ ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រចូលរួមសិក្ខាសាលាបើកគម្រោងស្តីពី ការអនុវត្តគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (Irrigated Agriculture Improvement Project, IAIP-EIB) ដែលទទួលហិញ្ញប្បទានពីធនាគារវិនិយោគរបស់អ៊ឺរ៉ុប (EIB) និងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោង មកពីក្រសួងធនធានទឹក និងឧតុនិយម អ្នកជំនាញជាតិ អន្តរជាតិ មន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅគម្រោងទាំង៤ រួមមាន ខេត្តតាកែវ កំពង់ធំ បាត់ដំបង កំពង់ចាម និងកំពត និងតំណាងសហគមន៍ប្រើប្រាស់ទឹក នៅក្នុងតំបន់គោលដៅគម្រោង។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១)ការធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃគម្រោង IAIP ក្រោមហិរញ្ញប្បទាន EIB ២)ការធ្វើបទបង្ហាញអំពីក្របខណ្ឌនៃការអនុវត្តគម្រោងដែលក្នុងនោះរួមមាន ការគ្រប់គ្រងការងារសង្គម និងបរិស្ថាន សកម្មភាពយេនឌ័រ ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងអាងទន្លេ និង៣)ការប្រមូលធាតុចូលពីមន្ត្រីជំនាញពាក់ព័ន្ធ និងជាពិសេសពីតំណាងសហគមន៍ប្រើប្រាស់ទឹកក្នុងតំបន់ ដើម្បីចងក្រងជាព័ត៌មាន ទិន្នន័យសម្រាប់ការអនុវត្តគម្រោងឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានេះដែរ ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានលើកឡើងអំពី ការប្រើប្រាស់ធនធានទឹកដូចដែលមានចែងក្នុងក្រមបរិស្ថានជូនក្រុមការងារអនុវត្តគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសំខាន់ក្នុងការអនុវត្តការងារបន្ត។ ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ក៏ជាការងារអាទិភាពដែលតម្រូវឱ្យគម្រោងអនុវត្តដើម្បីស្របទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ បន្ទាប់ពីការបែកចែកក្រុមពិភាក្សាទៅតាមតំបន់គោលដៅ និងការធ្វើបទបង្ហាញលទ្ធផល អង្គសិក្ខាសាលាទទួលបានធាតុចូលជាច្រើនពីអ្នកពាក់ព័ន្ធដែលក្នុងនោះរួមមាន ទស្សនៈយល់ឃើញជារួមរបស់អ្នកពាក់ព័ន្ធទៅលើការអនុវត្តគម្រោង តម្រូវការ បញ្ហាប្រឈម សំណូមពរដែលបានលើកឡើងដោយមន្ត្រីជំនាញ និងសហគមន៍ប្រើប្រាស់ទឹកក្នុងតំបន់គោលដៅ និងការឯកភាពគ្នាទៅលើធាតុចូលដែលទទួលបានដើម្បីក្រុមការងារអនុវត្តគម្រោងរៀបចំជារបាយការណ៍ដាក់ជូន EIB។










 

  • Share on Social Media