ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំធាតុចូលសម្រាប់របាយការណ៍វាយតម្លៃសកលលើកទី១ (GST) នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលធាតុចូលពីសមាជិកសមាជិកានៃបណ្តាលភាគីនៃក្របខ័ណ្ឌអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងអ្នកអង្កេតការណ៍ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ អំពីផ្នែក(ឬវិស័យ) និងសមាសធាតុដែលមានអត្ថប្រយោជន៍សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍នេះ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅដោយផ្តោតសំខាន់លើបុព្វបទ បរិបទ និងចំណុចអន្តរវិស័យ ដោយរួមបញ្ចូលធាតុចូលទាក់ទងនឹងវិទ្យាសាស្ត្រដែលសមភាព និងអាចប្រើបានល្អបំផុត ផ្នែកកាត់បន្ថយ ផ្នែកបន្ស៊ាំ ចំណុចទាក់ទងនឹងកិច្ចបាត់បង់និងការខូចខាត វិធានការឆ្លើយតប ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់សកម្មភាពអាកាសធាតុ ការណែនាំ និងជំហ៊ានបន្ទាប់។ ជាលទ្ធផល សិក្ខាសាលានេះ ទទួលបាននូវមតិយោបល់ និងធាតុចូលសំខាន់ៗពីគ្រប់ភាគីដែលចូលរួម ទៅតាមប្រធានបទ និងផ្នែកខាងលើ។ អ្នកចូលរួមទាំងអស់បានស្នើឱ្យប្រធាន និងសហប្រធានដឹកនាំសិក្ខាសាលា បូកសរុបលទ្ធផល និងឱ្យមានសេចក្តីព្រាងរបាយការណ៍ GST នេះ នៅមុនពេលកិច្ចប្រជុំ Pre-Cop28 នៅទីក្រុងឌូប៉ៃ នាពេលខាងមុខ។ ប្រធានដឹកនាំសិក្ខាសាលា បានបូកសរុបថា លោកបានទទួលជាង៣០០បទអន្តរាគមន៍ និងមតិយោបល់ ហើយលោកនឹងព្យាយាមរៀបចំសេចក្តីព្រាងរបាយការណ៍នេះ ដោយរួមបញ្ជូលនូវរាល់ធាតុចូលដែលទទួលបាន។ 








  • Share on Social Media