រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានរៀបចំសិក្ខាសាលាស្តីពី ការសម្រេចចិត្តលើក្របខ័ណ្ឌអភិបាលកិច្ចក្រោមមាត្រា៦  នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ  ក្រោមអធិបតីភាព  លោកបណ្ឌិត  ហាក់  ម៉ៅ  ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ទិន  ពន្លក  រដ្ឋលេខាធិការ និងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រសួងបរិស្ថាន  កញ្ញា Shomi Kim ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំប្រទេសកម្ពុជា និង លោក  Theo Shand តំណាង  វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) នៅសណ្ឋាគារសូហ្វីតែល  ភ្នំពេញ។   សិក្ខាសាលានេះការអញ្ជើញចូលរួមពី សមាជិកអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ អ្នកជំនាញការជាតិនិងអន្តរជាតិ តំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ GGGI តំណាង UNDP និងអ្នកពាក់ព័ន្ធសរុបចំនួន  ៣៣រូប។  សិក្ខាសាលានេះមានគោលបំណង (១) ពិនិត្យឡើងវិញវិធីសាស្ត្រគណនេយ្យសម្រាប់អនុវត្តវិធីសាស្ត្រកែតម្រូវឱ្យត្រូវគ្នា  (២) ជ្រើសរើសយន្តការឥណទានកាបូនសម្រាប់ទូទាត់ទិន្នផលកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៃមាត្រា ៦.២ និង (៣) បង្ហាញ និងពិភាក្សាសៀវភៅគោលការណ៍ណែនាំប្រតិបត្តិមាត្រា៦ ក្នុងបរិបទប្រទេសកម្ពុជា។

កញ្ញា Shomi Kim ប្រធាន GGGI ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ដែលបានចូលរួមកិច្ចប្រជុំ  វគ្គបណ្ដុះបណ្ដាល  និងសិក្ខាសាលា  ស្តីពីមាត្រា៦  នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ  តាំងពីដំបូងរហូតមកដល់ពេលនេះ។ សម្រាប់ការផ្តល់ធាតុចូលតាមរយៈការពិភាក្សាក្រុមនឹងបញ្ចូលទៅក្នុងការសម្រេចចិត្ត  (A6OM) ហើយឆ្នាំ២០២៣  GGGI នឹងយក សៀវភៅគោលការណ៍ណែនាំប្រតិបត្តិមាត្រា៦ ឱ្យនាយកដ្ឋានប្រែប្រួលអាកាសធាតុពិនិត្យ  មុននឹងដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានពិនិត្យ និងសម្រេច។ 

លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងអំពីសារៈសំខាន់នៃសិក្ខាសាលានេះគឺ ជួយលើកកម្ពស់ចំណេះដឹងបន្ថែមដល់សមាជិកអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ព្រមទាំងការពិគ្រោះយោបល់លើសកម្មភាពពាក់ព័ន្ធនានាក្នុងការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយផ្អែកតាមបរិបទពិភពលោក និងតម្រូវការជាក់ស្តែងរបស់ប្រទេសកម្ពុជា។  លោកបន្ថែមថាដោយសារតែមាត្រា៦នេះមានភាពស្មុគស្មាញ យើងត្រូវមានការសិក្សាលម្អិតទៅលើគុណសម្បត្តិ និងគុណវិបត្តិនៃយន្តការនីមួយៗ មុននឹងឈានទៅដល់ការសម្រេចចិត្តជ្រើសរើសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថាការៀបចំសៀវភៅគោលការណ៍ណែនាំប្រតិបត្តិមាត្រា៦សម្រាប់ប្រទេសកម្ពុជាពិតជាមានសារៈសំខាន់និងចាំបាច់ដើម្បីធានាការគ្រប់គ្រង កៀរគរការវិនិយោគនិង ធានាឥណទានកាបូនរបស់កម្ពុជាមានគុណភាពនិងអាចលក់ក្នុងតម្លៃប្រកួតប្រជែង។








 

  • Share on Social Media