នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្របានចូលរួមធ្វើបទបង្ហាញក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការធានា សុវត្ថិភាព និងសុខភាពការងារក្នុងបរិបទ ការប្រែប្រួលអាកាសធាតុ សម្រាប់កម្មករ-កសិករជាស្ត្រី ក្នុងវិស័យកសិ-ស្បៀងអាហារ»។ វេទិកានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមអធិបតីបើកដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមអមពីឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ខុទ្ទកាល័យនៃក្រសួងបរិស្ថាន។ វេទិកានេះរៀបចំឡើងដោយ អង្គការអុកស្វាម ក្នុងគោលបំណង៖ 

ក) ធ្វើការផ្សព្វផ្សាយ លើផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារ (OSH) ភាពងាយរងគ្រោះ និងតម្រូវការជាអាទិភាពរបស់កម្មករ-កសិករស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារ។

ខ)  ប្រមូលធាតុចូល និងអនុសាសន៍ នានា ដើម្បីបង្កើនការអន្តរាគមន៍គោលនយោបាយសមស្រប និងវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មករ-កសិករស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារ។

គ)  ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅការពង្រឹងការងារ សមរម្យ សមភាពយេនឌ័រ គាំពារសង្គម សិទ្ធិការងារ ភាពធន់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា។

វេទិកាថ្នាក់ជាតិនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នជំនាញ កសិករ កម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ ថ្នាក់ដឹកនាំមូលដ្ឋាន តំណាងអង្គការសង្គមស៊ីវិល សហជីព និងដៃគូអភិវឌ្ឍន៍ ដែលមកពី៣៧ស្ថាប័នជាតិ-អន្តរជាតិ និងសារព័ត៌មាន សរុបចំនួន២៥០នាក់។ 

អ្នកចូលរួមបានទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹង ១) ការប្រែប្រួលអាកាសធាតុ ភាពស៊ាំ និងការអនុវត្ត សុវត្ថិភាពនិងសុខភាពការងារក្នុងវិស័យកសិ-ស្បៀងអាហារ ២)អាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងការបន្ស៊ាំការប្រែប្រួលអាកាសធាតុ ៣)គោលនយោបាយ និងអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលលើកិច្ចគាំពារសង្គម ដែលឆ្លើយតបនឹងភាពអាសន្ន។ ជាមួយគ្នានេះដែរអ្នកចូលរួមបានទស្សនាការសម្ដែងរឿងខ្លី និងចម្រៀងរបស់ក្រុមយុវជន តំណាងកសិករសមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកសិករ និងកសិកម្ម។ ក្រុមកសិករ-កម្មករជាស្រ្តីចំនួន៥ក្រុម ដែលមានដូចជាក្រុមកសិករ អ្នកលក់ដូរតាមដងផ្លូវ កម្មករតាមចម្ការ សហគមន៍មូលដ្ឋាន និងអ្នកធ្វើការក្នុងវិស័យចំណីអាហារបានចូលរួមធ្វើបទបង្ហាញលើប្រធានបទស្ដីពី កម្មករ-កសិករស្រ្តីក្នុងវិស័យកសិ-ស្បៀងអាហារ ដោយបានបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការងារ/មុខរបរ សុខភាព និងការបង្កើតប្រាក់ចំណូល ក៏ដូចជាតម្រូវការ និងការគាំទ្រនានា ដើម្បីឆ្លើយតបនឹង ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ ក្រុមនីមួយៗបានលើកពីផលលំបាកដែលបណ្ដាលមកពីកំណើនកម្ដៅ ដែលមិនត្រឹមតែ ប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងខូចខាតផលដំណាំ ធ្វើការមិនបាន ពេញលេញ ប៉ះពាល់ដល់ចំណូលប្រចាំ គ្រួសារផងដែរ។ ក្រៅពីនេះ ពួកគាត់បានលើនូវសំណូមពរមួយចំនួនផងដែរ។ 







  • Share on Social Media