លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនិងជាប្រធានកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) និងលោក ប៉ិច សុឃីម អនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាស្តីពីសកម្មភាពកាត់បន្ថយឧស្ម័នមេតាននៃសម្ព័ន្ធភាពខ្យល់ស្អាត និងអាកាសធាតុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីណែនាំ ចែករំលែក និងជំរុញប្រទេសដែលជាដៃគូរៀបចំមាតិកាផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីឧស្ម័នមេតាន និងកំណត់ពេលវេលាសម្រាប់បញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវ។ សិក្ខាសាលានេះ បានផ្តោតសំខាន់លើការពិភាក្សាអំពីការរៀបចំផែនទីបង្ហាញផ្លូវស្តីពីការកាត់បន្ថយឧស្ម័នមេតានសម្រាប់ប្រទេសដែលជាដៃគូ ស្វែងរកការគាំទ្រនិងជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា និងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានាពីបណ្តាលប្រទេសដែលចូលរួមលើការរៀបចំ និងការអនុវត្តនូវសកម្មភាពកាត់បន្ថយឧស្ម័នមេតាន។ ក្រោមកិច្ចសហការជាមួយក្រុមការងារវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកលរបស់ប្រទេសជប៉ុន តាមរយៈសិក្ខាសាលានេះ កម្ពុជាបានរៀបចំនូវសេចក្តីព្រាងមាតិកានៃផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីឧស្ម័នមេតាននៅកម្ពុជាផងដែរ ដែលជំហ៊ានបន្ទាប់ កម្ពុជានឹងរៀបចំនូវផែនទីបង្ហាញផ្លូវនេះលម្អិត។

  • Share on Social Media