ចាប់ពីថ្ងៃទី២២ - ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមក្នុងសិក្ខាសាលាស្ដីពី ការពង្រឹង អភិបាលកិច្ចនៃហិរញ្ញវត្ថុអាកាសធាតុដើម្បីជំរុញបរិយាប័ន្នភាពធន់អាកាសធាតុ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ។ សិក្ខាសាលានេះរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ និងមូលនិធិអភិវឌ្ឍន៍មូលធនសហប្រជាជាតិ ក្នុងគោលបំណង ពង្រីកសមត្ថភាពប្រទេសដែលត្រូវបានជ្រើសរើសដើម្បីប្រសិទ្ធភាពក្នុងការកៀរគរហិរញ្ញវត្ថុ ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុអាកាសធាតុ សម្រាប់សកម្មភាព ប្រែប្រួលអាកាសធាតុដែលឆ្លើយតបនឹងយេនឌ័រនៅកម្រិតថ្នាក់ជាតិ វិស័យ និងថ្នាក់ក្រោមជាតិ។ ប្រទេសដែលត្រូវបានជ្រើសរើសចូលរួមសម្រាប់គម្រោងមាន បង់ក្លាដេស កម្ពុជា នេប៉ាល់ កោះសូឡូម៉ូ និងទូវ៉ាលូ។ សិក្ខាសាលាប្រព្រឹត្តទៅដោយ មានការចូលរួមដោយផ្ទាល់ និងតាមរយៈ ប្រព័ន្ធវីដេអូ  Zoom។ អ្នកចូលរួមពីកម្ពុជា មាន៩រូប រួមមាន នាងខ្ញុំពីក្រសួងបរិស្ថាន ក្រសួង  សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ/NCDDS NGO Forum, ២រូបពី UNDP និង UNCDF។ សិក្ខាសាលាមានអ្នកចូលរួមដោយផ្ទាល់សរុបចំនួន ៤០រូប (ស្រី១៤រូប) និងមួយចំនួន តាមប្រព័ន្ធអនឡាញ។ សិក្ខាសាលាមានការអញ្ជើញចូលរួម និងថ្លែងមតិស្វាគមន៍ និងបើកម្មវិធីដោយនាយកកម្មវិធីសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក   នាយកកម្មវិធី នៃមូលនិធិអភិវឌ្ឍន៍មូលធនសហប្រជាជាតិ (UNCDF) និងនាយកថ្នាក់តំបន់នៃអង្គការSIDA។

សិក្ខាសាលាទទួលបានលទ្ធផលដូចខាងក្រោម៖

  • ការពិនិត្យឡើងវិញពីហិរញ្ញវត្ថុអាកាសធាតុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វីក សម្រាប់ការពិចារណាក្នុងការរៀបចំកម្មវិធីរួមគ្នារវាង UNDP និងUNCDF សម្រាប់អនុវត្តក្នុងប្រទេសទាំង៥។
  • ចែករំលែកពីបទពិសោធន៍នៃការអនុវត្តគម្រោងដោយផ្ទាល់ពីប្រទេសចូលរួម ដែលកន្លងមកកម្ពុជាមាន លេខាធិការដ្ឋានគណកម្មាធិការជាតិដើម្បី លទ្ធិប្រជាធិបតេយ្យ (NCDDS)ជាអ្នកអនុវត្ត និងបានបង្ហាញពីភាពជាដៃគូ រវាងស្ថាប័នសាធារណៈ និងវិស័យឯកជនសម្រាប់សកម្មភាពបន្ស៊ាំនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។
  • យល់ដឹងពីបរិបទប្រទេស និងអាទិភាពហិរញ្ញវត្ថុអាកាសធាតុតាមរយៈការធ្វើ បទបង្ហាញរបស់អ្នកជំនាញពីUNDP និងUNCDFប្រចាំប្រទេសទាំង៥។
  • ជំរុញមហិច្ឆិតាអំពីសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម តាមរយៈលទ្ធផល បឋមនៃការវាយតម្លៃយេនឌ័រ កម្រិតប្រទេស ដែលបង្ហាញដោយអ្នកជំនាញUNDP សមាហរណកម្មយេនឌ័រទៅក្នុងបន្ស៊ាំនៅថ្នាក់មូលដ្ឋាន តាមរយៈបទពិសោធន៍ពី ប្រទេសបង់ក្លាដេស។
  • ការប្រើប្រាស់ឧបករណ៍សម្រាប់បញ្រ្ជាបការប្រែប្រួលអាកាសធាតុក្នុងហិរញ្ញវត្ថុ សាធារណៈ ឧបករណ៍ វិស័យឯកជនក្នុងការកៀរគរហិរញ្ញវត្ថុអាកាសធាតុ។
  • ការពិភាក្សាជាក្រុមតាមប្រទេសដើម្បីរៀបចំយុទ្ធសាស្រ្ត សកម្មភាពសម្រាប់ប្រទេស និងសម្រាប់តំបន់ដោយ កំណត់នូវគោលដៅនិងសូចនាករអាទិភាព។
  • សកម្មភាពបន្ត៖
  • UNDP និង UNCDF នឹងពិនិត្យបញ្ជីសកម្មភាពដែលបានស្នើឡើង ហើយប្រសិនបើចាំបាច់ ធ្វើការកំណត់ អាទិភាពមួយចំនួនដោយផ្អែកលើលទ្ធភាពទទួលបានថវិកាមុនដំណាច់ឆ្នាំ។
  • ដោយផ្អែកលើលទ្ធផលខាងលើ UNDP និង UNCDF នឹងពិភាក្សាអំពីកម្មវិធីរួមសម្រាប់ប្រទេសទាំងអស់ ជាមួយម្ចាស់ជំនួយ (ស៊ុយអែត) ដើម្បីទទួលបានមតិកែលម្អ និងការយល់ព្រមជាយថាហេតុ ដែលសកម្មភាពនេះ គួរតែធ្វើឡើងនៅដើមឆ្នាំក្រោយ។





  • Share on Social Media