ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនិងមន្ដ្រីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចសន្ទនាជាសកលលើកទី២ និងវេទិកាវិនិយោគសកលលើកទី៨ ក្រោមមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកម្មវិធីអនុវត្តការងារទីក្រុង Sharm el-Sheikh នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ក្នុងកិច្ចសន្ទនានេះមានសមាជិកចូលរួមប្រមាណជាង៤០០នាក់ មកពីប្រទេសចំនួន១៤០ តំណាងអង្គការអន្តរជាតិ ស្ថាប័នអប់រំ សង្គមស៊ីវិល និងវិស័យឯកជន។ កិច្ចសន្ទនាប្រព្រឹត្តទៅជាលក្ខណៈពេញអង្គ និងការពិភាក្សាក្រុម និងការធ្វើបទអន្តរាគមន៍ពីប្រទេសមួយចំនួនពាក់ព័ន្ធនឹងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ផ្នែកថាមពលវិស័យដឹកជញ្ជូន។

១. កិច្ចសន្ទនានេះបានចូលរួមថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម Adnan Amin ប្រធានCOP28 ឯកឧត្តម Francesco La Camera អគ្គនាយក IRENA  ឯកឧត្តម Nabeel Munir ប្រធាន SBI/UNFCCC និងឯកឧត្តម Simon Stiell អគ្គលេខាធិការ UNFCCC និងដឹកនាំសម្របសម្រួលដោយសហប្រធាននៃកម្មវិធីការងារទីក្រុង Sharm el-Sheikh ស្ដីពីមហិច្ឆតានិងការអនុវត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសន្ទនារៀបចំឡើងក្នុងគោលបំណង ពិភាក្សារកដំណោះស្រាយក្នុងការអនុវត្តការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅការសម្រេចបាននូវគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយផ្ដោតលើថាមពលក្នុងវិស័យដឹកជញ្ជូន។ ជាលទ្ធផលអ្នកចូលរួមបាន៖

  • ទទួលការណែនាំ និងចូលរួមពិភាក្សាអំពី ឱកាស ដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងបច្ចេកវិទ្យាសមស្របសម្រាប់ការផ្លាស់ប្តូរថាមពលក្នុងវិស័យដឹកជញ្ជូន
  • យល់ដឹងពីការដាក់ពង្រាយ និងការផ្លាស់ប្តូរទៅជាមធ្យោបាយដឹកជញ្ជូនលក្ខណៈសមូហភាព និងមិនមែនជាគ្រឿងម៉ាស៊ីន (ការដឹកជញ្ជូនផ្លូវដែក ការដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ការជិះកង់)
  • ទទួលព័ត៌មានពីប្រសិទ្ធភាពថាមពល និងប្រសិទ្ធភាពធនធានក្នុងវិស័យដឹកជញ្ជូន (ការកែលម្អការរចនាសម្ព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ចចក្រា និងការផ្លាស់ប្តូរសម្ភារៈ បច្ចេកវិទ្យាយានយន្ត រថយន្តក្រុង)
  • ពិភាក្សាពីការផ្លាស់ប្ដូរទៅការប្រើប្រាស់យានយន្តដើរដោយអគ្គិសនី (រចនាសម្ព័ន្ធ អាគុយ និងធនធានរ៉ែ)ការផ្លាស់ប្តូរទៅជាឥន្ធនៈកាបូនទាប ឬកាបូនសូន្យ (អ៊ីដ្រូសែន ជីវឥន្ធនៈ ជីវឧស្ម័ន ឧស្ម័នធម្មជាតិ)
  • ពិភាក្សាពី គោលនយោបាយ ឧបសគ្គ បញ្ហាប្រឈម និងបញ្ហាហិរញ្ញប្បទាន ការកសាងសមត្ថភាព ការលើកម្ពស់ការយល់ដឹង និងបច្ចេកវិទ្យា សម្រាប់ការផ្លាស់ប្តូរទៅថាមពលសមស្របនៅក្នុងវិស័យដឹកជញ្ជូន
  • ក្នុងកិច្ចពិភាក្សាតាមក្រុម លោកស្រី ឃ្លោក វិចិត្ររដ្ឋា បានចូលរួមចែករំលែកនូវព៍ត៌មានពាក់ព័ន្ធគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាការរៀបចំគោលនយោបាយការប្រែប្រួលអាកាសធាតុ ជាពិសេសរបាយការណ៍ចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដោយផ្តោតជាសំខាន់លើផ្នែកថាមពលនៃវិស័យដឹកជញ្ជូន បញ្ហាប្រឈម ឱកាស និងសកម្មភាពដែលអាចអនុវត្តសម្រាប់ការចូលរួមដល់ការអនុវត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឆ្ពោះទៅសម្រេចបាននូវគោលដៅកាត់បន្ថយដែលបានកំណត់ក្នុងរបាយការណ៍បច្ចុប្បន្នភាព NDC។ លោកស្រីក៏បានលើកឡើងពី តម្រូវការការកសាងសមត្ថភាព ការលើកកម្ពស់ការយល់ដឹង បច្ចេកវិទ្យាសមស្រប និងតម្រូវការថវិកាសម្រាប់ការអនុវត្តសកម្មភាព NDC ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅកាត់បន្ថយឆ្នាំ២០៣០ និងអព្យាក្រឹតកាបូនឆ្នាំ២០៥០ និងស្នើសុំឱ្យដៃគូអភិវឌ្ឍន៍ផ្ដល់នូវការគាំទ្រដល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា លើវិស័យសំខាន់ៗដែលបានកំណត់ក្នុង NDC និង LTS4CN។

២. ចំពោះការចូលរួមក្នុងវេទិកាវិនិយោគសកល អ្នកចូលរួមបានរៀនសូត្របទពិសោធន៍ពីប្រទេសមួយចំនួនក្នុងការរៀបចំសំណើទស្សនទានគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ សម្រាប់ការកៀរគរថវិកាពីប្រភពហិរញ្ញវត្ថុ និងពីអ្នកវិនិយោគផ្សេងៗ។ ជាលទ្ធផល៖

  • សហប្រធាននៃកម្មវិធីការងារ Sharm el-Sheikh ស្ដីពីមហិច្ឆតានិងការអនុវត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានថ្លែងសុន្ទរកថាបើកកម្មវិធី និងណែនាំពីការឆ្ពោះទៅទទួលបាននូវហិរញ្ញវត្ថុសម្រាប់គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
  • ការចូលរួមចែករំលែកព័ត៌មានពីអ្នកជំនាញពាក់ព័ន្ទនឹងលំហូរនៃហិរញ្ញវត្ថុ និងការផ្ដល់យោបល់លើគម្រោង
  • ពាក់ព័ន្ធនឹងប្រធានបទស្ដីពី «ចេញពីទស្សនទានឆ្ពោះទៅហិរញ្ញវត្ថុ៖ ការរៀបចំ និងផែនការ» វេទិកាប្រមូលផ្ដុំដែលបានបែងចែកជាបួនក្រុម ដែលបានផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសឱកាសសម្រាប់ប្រទេស ដែលមានចំណាប់អារម្មណ៍បានចែករំលែកនូវគំនិតគម្រោងជាមួយនឹងអ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ និងអ្នករៀបចំគោលនយោបាយ ដើម្បីសម្របសម្រួលក្នុងការរៀបចំគម្រោងវិនិយោគ។ ប្រទេសដែលបានដាក់ស្នើគម្រោងដែលត្រូវបានជ្រើសរើសបានជួបជាមួយអ្នកវិនិយោគ និងអ្នករៀបចំគោលនយោបាយពិនិត្យមើលលើសំណើគម្រោង ពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញ ការដឹកជញ្ជូន និងប្រសិទ្ធភាពថាមពល និងអ្នកចូលរួមអាចទទួលបាននូវមេរៀន បទពិសោធន៍ពីវេទិកាសម្រាប់ការឆ្ពោះទៅរៀបចំទស្សនាទាន និងគម្រោងវិនិយោគ
  • ដំណោះស្រាយទៅនឹងផលវិបាកក្នុងការវិនិយោគថាមពលស្អាត
  • ឱកាសថ្នាក់តំបន់សម្រាប់ការកៀរគរការវិនិយោគ៕ 





  • Share on Social Media