នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពី CCCA3 បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សាវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា ២០១៤-២០២៣។  សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពី មន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងមន្ត្រី CCCA 3 ជាច្រើនរូប។ សិក្ខាសាលានេះមានគោលបំណងដើម្បីពិភាក្សានិងវាយតម្លៃលទ្ធផលនិងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០១៤-២០២៣ និងពិនិត្យលទ្ធភាពដើម្បីរៀបចំ CCCSP ២០២៤-២០៣៣។ 

 

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក  បានលើកឡើងពីបច្ចុប្បន្នភាពនៃការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈម និងឱកាសនានា ក៏ដូចជាការគំរាមកំហែងពីកត្តាខាងក្រៅ និងរបត់ទីផ្សារពិភពលោក ដើម្បីជាទស្សនទានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅចូលរួមក្នុងការដោះស្រាយបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់រួចទៅហើយ ទាក់ទងនឹងគោលនយោបាយប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និង CCCSP ២០១៤-២០២៣។ 

 

ឯកឧត្តមបានបន្តថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃការអនុវត្ត CCCSP ២០១៤-២០២៣ ហេតុនេះកម្ពុជាចាំបាច់ត្រូវវាយតម្លៃពីប្រសិទ្ធភាពនៃការបញ្ជ្រាបសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់ខ្លួនតាមវិស័យ និងដើម្បីវិភាគអំពីផែនទីបង្ហាញផ្លូវ គោលនយោបាយសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ស្របទៅតាមការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្រោម NDC និងសំដៅឆ្ពោះទៅរកប្រទេសដែលបញ្ចេញឧស្ម័នកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០។ ឯកឧត្តម បានផ្តល់ជាអនុសាសន៍សំខាន់ៗក្នុងការរៀបចំ CCCSPថ្មី ដូចជា៖ (១) ប្រើប្រាស់យុទ្ធសាស្រ្ត CCCSP ដែលមានស្រាប់ (២) ពិនិត្យលើទិដ្ឋភាពគោលនយោបាយជាប្រព័ន្ធពីលើចុះក្រោម (top-down) និងពីក្រោមឡើងលើ (bottom up) ដើម្បីឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្រ្តដែលមានស្រាប់ ដូចជា Updated NDC, LTS4CN, NSDP (៣) ការកៀរគរប្រភពហិរញ្ញវត្ថុពីដៃគូ វិស័យរដ្ឋនិងឯកជន និងមូលនិធិអាកាសធាតុបៃតង (៤) ការពង្រឹងតួនាទី និង កិច្ចសហការថែមមួយកម្រិតទៀតរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ។ 

 

ថ្លែងក្នុងពិធីបិទ ឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តយុទ្ធសាស្រ្ត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ។ ឯកឧត្តមបានវាយម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចពិភាក្សា ការធ្វើបទបង្ហាញ ក៏ដូចជាការវិភាគអំពីបញ្ហាប្រឈម និងឱកាសនានាក្នុងការៀបចំ CCCSP ថ្មីឡើង។ ឯកឧត្តម លើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបង្កើនកិច្ចសហការ និងផ្តល់រាល់ធាតុចូលនានាដើម្បីរៀបចំ CCCSP ២០២៤-២០៣៣ ឱ្យបានជោគជ័យ សំដៅកសាងប្រទេសកម្ពុជាដែលមានការអភិវឌ្ឍដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូន។ 








  • Share on Social Media