ចាប់ពីថ្ងៃទី០៨-០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន  និងដោយមានការចូលរួមពី ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ស៊ុ ធី អគ្គនាយកស្តីទីអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមន្រ្តីកម្មវិធី CCCA3។  គោលបំណងនៃអង្គសិក្ខាសាលានេះគឺដើម្បីរួមគ្នាពង្រឹងក្រុមការងារ  ជាពិសេសពិនិត្យមើលពីវឌ្ឍនភាពរបស់នាយកដ្ឋានក្នុងការអនុវត្តកម្មវិធី CCCA3 សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤។ 

ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងពីសកម្មភាព គោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ រួមមាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដោយផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព និងយុទ្ធនាការជំរុញការដាំដើមឈើប្រមាណ ១លានដើម ក្នុងមួយឆ្នាំ ដើម្បីសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% និងក្លាយជាប្រទេសដែលមានអព្យាក្រឹតកាបូននៅត្រឹម ឆ្នាំ២០៥០។

ឯកឧត្តមក៏បានចែករំលែកលទ្ធផលសម្រេចបាននៅកិច្ចប្រជុំបណ្តាភាគី (COP28) ដែលជាកិច្ចប្រជុំមួយដ៏ជោគជ័យដោយក្នុងនោះបានចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ជាពិសេសការកៀរគរថវិកាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងCCCA ដែលសម្រេចនូវសមិទ្ធផលសំខាន់ៗក្នុងការចូលរួមចំណែករៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។ ខណៈពេលដែលកម្មវិធី CCCA  ដំណាក់កាលទី៣ នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ឧត្តមលើកទឹកចិត្តឱ្យកម្មវិធីអាទិភាពសកម្មភាពសំខាន់ៗ និងបញ្ចប់រាល់សកម្មភាពដែលនៅសេសសល់ និងជាពិសេសពិភាក្សាអំពីលទ្ធភាពក្នុងការរៀបចំ CCCA ដំណាក់កាលបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ 

ជាកិច្ចបិទបញ្ចប់សិក្ខាសាលា ឯកឧត្តម មាស សុផល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សិក្ខាកាម និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមយ៉ាងផុសផុល ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះ CCCA3  និងសិក្ខាសាលា ដែលបានជជែកពិភាក្សា ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ជាអាទិ៍ សកម្មភាពបន្ស៊ាំ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការលើកកម្ពស់ចំណេះដឹងព័ត៌មានប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមអនុវត្តការឆ្លើយតបការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយនានា និងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល និងសូមក្រុមការងារទាំងអស់ ខិតខំប្រឹងប្រែងរៀបចំគម្រោងស្នើសុំដើម្បីកៀរគរថវិកា ក្នុងការបន្តអនុវត្តគម្រាងនៅដំណាក់កាលបន្ទាប់។



  • Share on Social Media