នៅព្រឹកថ្ងៃសុក្រ ទី២៣  ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល  និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

កិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖ (១) ទទួលស្គាល់សមិទ្ធផលការងារសំខាន់ៗរបស់ CCCA3 ក្នុងឆ្នាំ២០២៣ និងបានអនុម័តលើផែនការសកម្មភាព ៦ខែ សម្រាប់ឆ្នាំ២០២៤ (២) ឯកភាពពន្យារពេលការអនុវត្ត សកម្មភាពដែលមិនទាន់បញ្ចប់ សម្រាប់រយៈពេល៦ខែ  និងពិចារណាដាក់បញ្ចូលសេណារីយ៉ូដែលជាតម្រូវការជាក់ស្តែងរបស់ក្រសួងបរិស្ថាន និងដៃគូ (៣)  ក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងដៃគូទទួលស្គាល់ថា CCCA មានលក្ខណៈពិសេស ក្នុងកម្រិតការកសាងសមត្ថភាព និងរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ប៉ុន្តែត្រូវពិចារណាប្រែក្លាយរាល់គោលនយោបាយនិងយុទ្ធសាស្ត្រដែលបានរៀបចំទៅជាការអនុវត្តសកម្មភាពជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល និងបន្តស្វែងរកលទ្ធភាពដើម្បីរៀបចំកម្មវិធីនេះដំណាក់កាលបន្ទាប់ និង(៤) ការផ្ទេរទ្រព្យសកម្មទៅដល់ភាគីគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវអនុលោមតាមយន្តការ និងនីតិវិធីត្រឹមត្រូវ។








 

  • Share on Social Media