នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដំណេីរទស្សនកិច្ចសិក្សាសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) នៅសហគមន៍នេសាទបន្ទាយប្រិយ៍ ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម លោកស្រីអញ្ជើញមកពីក្រសួងស្ថាប័ន លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្រ្តីCCCA3 ឧទ្យានុរក្ស មន្រ្តីរដ្ឋបាលស្រុក ឃុំ លោកស្រីអភិបាលរងស្រុកព្រៃនប់ មន្ត្រីជលផល តំណាង UNDP អ្នកអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥០រូប។
ឯកឧត្តម មាស សុផល បានថ្លែងអំណរគុណចំពោះមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងដំណេីរទស្សនកិច្ចសិក្សានេះ ដេីម្បីពិនិត្យអំពីការអនុវត្តគម្រោងឆ្លេីយតបនឹងការប្រែប្រួលអាកាសធាតុ នៅតំបន់ព្រែកកំពង់ស្មាច់ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈសកម្មភាពស្តារព្រៃកោងកាង និងលេីកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន។
ឯកឧត្តម បានលើកអំពីសារ:សំខាន់នៃព្រៃកោងកាង និងវាយតម្លៃខ្ពស់ពីការខិតខំរបស់សហគមន៍មូលដ្ឋាន សហការយ៉ាងជិតស្និទជាមួយ រដ្ឋបាលស្រុក ឃុំ រដ្ឋបាលជលផល ក្នុងការចូលរួមថែរក្សា និងការពារព្រៃកោងកាង ជាប្រភពជម្រកជីវចម្រុះ និងជាតំបន់បៃតង ដែលអាចមានសក្តានុពល ក្នុងការអភិវឌ្ឍរបៀងទេសចរណ័ធម្មជាតិ ដែលបច្ចុប្បន្នភូមិសាស្រ្តនេះ មានហេដ្ឋារចនាសម្ព័ន្ធបានល្អនៅគ្រប់ទីកន្លែង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហគមន៍ រដ្ឋបាលស្រុក ឃុំ រដ្ឋបាលជលផល ដោយសំណូមពរអោយបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីថែរក្សា ការពារធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប ជាពិសេស ព្រៃកោងកាង សម្រាប់មនុស្សបច្ចុប្បន្ន និងគ្រប់ៗជំនាន់ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន " ភាពស្អាត បៃតង និងចីរភាព " ដែល ក្រសួងបរិស្ថានបាន និងកំពុងដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ជំរុញការដាំដើមឈើប្រមាណ ១លានដើម ក្នុងមួយឆ្នាំ ដើម្បីសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% និងក្លាយជាប្រទេសដែលមានអព្យាក្រឹតកាបូននៅត្រឹម ឆ្នាំ២០៥០ ។ ហេតុនេះ ការចូលរួមដាំដេីមកោងកាងនាពេលនេះក៏ នឹងចូលរួមចំណែកបង្កេីនគម្របបៃតង ជីវៈចម្រុះ និងដោះស្រាយការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ អ្នកចូលរួមទាំងអស់បានដាំដេីមកោងកាងចំនួន២០០ដេីម និងសិក្សាអំពីការស្តារនិងអភិរក្សកោងកោង និងសម្មភាពលេីកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋានកាន់តែល្អប្រសើរ។