នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង ASEAN-German Climate Action Programme (CAP) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សិក្ខាសាលានេះ ដឹកនាំនិងសម្របសម្រួលដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) ក្នុងនាមជាម្ចាស់ផ្ទះ លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC និងលោក Roland Treitler ប្រធានគម្រោងអង្គការ GIZ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន សមាជិក សមាជិកា AWGCC និង មន្រ្តីអង្គការ GIZ សរុបចំនួន៣០រូប។ សិក្ខាសាលានេះរៀបចំឡើងស្របពេលនឹងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុដោយមានគោលបំណង ពិភាក្សានិងប្រមូលធាតុចូលលើផែនការអនុវត្តគម្រោងប្រែប្រួលអាកាសធាតុ អាស៊ាន-អាល្លឺម៉ង់។

នាថ្ងៃដដែល​ មានកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោង CAP លើកទី១ដឹកនាំដោយ លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC ដោយមានការចូលរួមពីសមាជិក សមាជិកា AWGCC និងបានពិនិត្យនិងអនុម័តដូចខាងក្រោម៖

  • រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងយន្តការសម្របសម្រួលគណៈកម្មការដឹកនាំគម្រោង
  • ការណែនាំអំពីយុទ្ធសាស្រ្តនៃការអនុវត្តគម្រោង
  • ការឆ្លុះបញ្ចាំងនិងការរៀបចំផែនការសកម្មភាពឆ្ពោះទៅ COP28
  • ផែនការថវិកានិងសកម្មភាពប្រចាំឆ្នាំ២០២៣៕







  • Share on Social Media