នៅថ្ងៃចន្ទទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយ​និងយុទ្ធសាស្រ្ត ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពបច្ចេកទេសលើកទី១ សម្រាប់អ្នកសារព័ត៌មានការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពី​មន្រ្តីនៃអគ្គនាយកដ្ឋានគោលយោបាយ ក្រសួងបរិស្ថាន និងតំណាងស្ថាប័នសារព័ត៌មាន សរុបចំនួន ៣០នាក់។  សិក្ខាសាលានេះមានគោលបំណងដើម្បី៖ ១) ចូលរួមពង្រឹងសមត្ថភាព​អ្នកជំនាញ​សារព័ត៌មាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌​មាន​ស្តីពី​ការប្រែប្រួលអាកាសធាតុ ទៅកាន់សហគមន៍មូលដ្ឋាន សហគមន៍ជាតិ-អន្ដរជាតិ និងវិស័យពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព និង ២) ជំរុញ​ឱ្យមានការផ្សព្វផ្សាយព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនិងការឆ្លើយតបរបស់រាជរដ្ឋាភិបាលនៅក្នុងប្រព័ន្ធបណ្ដាញផ្សព្វផ្សាយនានាឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា  ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងអំពីបញ្ហាប្រឈម ផលប៉ះពាល់ និងការរួម​ចំណែក​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ និងជាពិសេសការពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាឱ្យមានចំណេះដឹងកាន់តែខ្ពស់ដើម្បីអាចផ្សព្វផ្សាយព័ត៌មាននានាស្ដីពីការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផលនៃសិក្ខាសាលា អ្នកចូលរួម ជាពិសេសអ្នកសារព័ត៌បា​ន​ឈ្វេង​យល់ស៊ីជម្រៅអំពីប្រវត្ដិ និងប្រភពសំខាន់ៗដែល​បណ្ដាល​ឱ្យ​ការ​ប្រែប្រួលអាកាសធាតុ ការយល់ដឹងអំពីការប្រើប្រាស់ និងបច្ចេកសព្ទទាក់​ទងនឹងការប្រែប្រួលអាសធាតុ ក៏ដូចជាខ្លឹមសារសំខាន់ៗស្ដីពី​ការប្រែ​ប្រួល​អាកាសធាតុទាំងក្នុងបរិបទជាតិ និងអន្ដរជាតិ។

លើសពីនេះទៅទៀត អ្នកសារព័ត៌បានយល់ដឹងអំពីយន្ដការការបង្កើត និងការប្រើប្រាស់ម៉ូឌែល​វិ​ភាគ និងវាយតម្លៃការប្រែប្រួលអាកាសធាតុ (Forecasting Model) ដែលអាចផ្ដល់ព័ត៌មានបែបវិទ្យាសាស្រ្ដសម្រាប់ធ្វើការរៀបចំនូវគោលនយោបាយ និងយុទ្ធសាស្រ្ដឱ្យកាន់តែស៊ីជម្រៅ ដែលធ្វើឱ្យអ្នកសារព័ត៌មាន​មានសមត្ថភាព និងភាពជឿជាក់ក្នុងការសរសេរ និងរៀបចំនូវមាតិការព័ត៌មាន​ស្ដីពីការប្រែប្រួលអាកាសធាតុដើម្បីធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងបានគ្រប់ជ្រុងជ្រោយ។ សិក្ខាសាលាក៏បានធ្វើការពិភាក្សា និងចែករំលែកលម្អិត​អំពីការប្រើប្រាស់នូវប្រភពព័ត៌មាន និងទិន្នន័យនានាទាក់ទងនឹង​ការ​ប្រែប្រួលអាកាសធាតុឱ្យបានត្រឹមត្រូវ និងសមស្របតាមទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា ក៌ដូចជាគោលនយោបាយ យុទ្ធសាស្រ្ដ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផងដែរ។ សិក្ខាសាលានេះត្រូវបានថ្លែងសុន្ទរកថាបិទដោយ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត។








  • Share on Social Media