រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើក និង កិច្ចពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេស ក្នុងកិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឆ្នាំ២០២១ ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និង Mekong Future Initiative។ ក្នុងប្រជុំកំពូលនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ (ក.ជ.អ.ច.) និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ឯក​ឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន  ក្រសួងស្ថាប័នពាក់ព័ន្ធ​ តំណាងទូតអាមេរិក អង់គ្លេស និងអូស្រ្តាលីប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗ ជាច្រើនរូប។

ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធ​ ដែលរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង ដែលជួយសម្រួលដល់អ្នកពាក់ព័ន្ធ ជាពិសេសវិស័យរដ្ឋ និងឯកជនដើម្បីជួបនិងពិភាក្សាអំពីការទទួលខុសត្រូវរួមគ្នាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងតែកើតមានឡើងនៅទូទាំងពិភពលោក និងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមទៀតថា ប្រទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំ COP26 នៅចក្រភពអង់គ្លេស ដែលប្រធានបទនៃការពិភាក្សានឹងផ្តោតការលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យន្តការបន្ស៊ាំ និងហិរញ្ញវត្ថុដែលត្រូវអនុវត្តដើម្បីឆ្លើយទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ប្រទេសកម្ពុជាដើរតួនាទីជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាព​ពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC បង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមលើសពីនេះទៅទៀត រាជារដ្ឋាភិបាលកំពុងរៀបចំ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ហើយគ្រោងនឹងបង្ហាញនៅក្នុងកិច្ចប្រជុំ COP26 នៅខែវិច្ឆិកាឆ្នាំនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់ថាមពលដែលមានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាពគឺជាបញ្ហាអន្តរវិស័យ ដែលក្នុងនោះរាជរដ្ឋាភិបាលកំពុងបញ្ចប់ផែនការអភិវឌ្ឍន៍ថាមពលថ្មីមួយ និងគោលនយោបាយប្រសិទ្ធភាពថាមពលដំបូងរបស់ខ្លួន។

ឯកឧត្តមសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្ស ចំពោះកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង   បរិស្ថាន ធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារ នៅតែបន្តរីកចម្រើននិងផ្តល់លទ្ធផលជាវិជ្ជមាន។ ក្រសួងបរិស្ថានក៏មានភាពជាដៃគូយ៉ាងល្អប្រសើរជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូយុទ្ធសាស្ត្រមេគង្គដើម្បីកំណត់ហិរញ្ញប្បទានអាកាសធាតុសមស្របបំផុតលើយានយន្ត សម្រាប់ការវិនិយោគបៃតងនៅកម្ពុជា។ ដំណើរការនេះ នឹងទាក់ទាញឱ្យមានការវិនិយោគក្នុងស្រុក និងការផ្តល់ហិរញ្ញប្បទានអាកាសធាតុអន្តរជាតិសំដៅឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានភាពបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ចេញកាបូនកាបូនតិច។

បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានចែករំលែកទស្សនៈ និងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាអំពីបញ្ហាប្រឈមដែលកម្ពុជាជួបប្រទះពីការប្រែប្រួលអាកាសធាតុដូចជា ដល់វិស័យកសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និងបរិស្ថាន ការរួមបញ្ចូលគ្នានៃរោគរាតត្បាតជំងឺកូវីដ-១៩និងការប្រែប្រួលអាកាសធាតុ និងការកសាងផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពក្នុងការការពារបរិស្ថាន ជីវៈចម្រុះ និងថាមពល និងលទ្ធផលរំពឹងទុកមុន​ និងក្រោយកិច្ចប្រជុំ COP26 ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទិន ពន្លក បានថ្លែងអំពីសារសំខាន់ស្តីពី ការអភិវឌ្ឍដែលបញ្ចេញកាបូនទាបនៅកម្ពុជា ដោយរួមមាន គោលនយោបាយ និងការដាក់ចេញផែនការសកម្មភាពនានានៅក្នុងកិច្ចពិភាក្សាជាមួយតំណាងអង្គទូត និងអ្នកជំនាញអន្តរជាតិ ហើយបន្ទាប់មកមានការធ្វើបទបង្ហាញ ជជែកពិភាក្សា និងបទអន្តរគមន៍ដោយប្រតិភូ វិស័យឯកជន និងអ្នកស្រាវជ្រាវដែលអញ្ជើញមកពីស្ថាប័នជាតិ អន្តរជាតិ។

  • Share on Social Media