រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និង​ទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន និង​ដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ២៦១នាក់ ស្រី ៨៩ នាក់។   

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ សម្រេចបានសមិទ្ធផលថ្មីៗគួរឱ្យកត់សម្គាទាក់ទងនឹងការតាក់តែងរៀបចំលិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និង​យុទ្ធសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង និងព័ត៌មានទិន្នន័យវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍ​ដោយចីរភាព ​​សំដៅរក្សា​បាននូវតុល្យ​ភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។​ លទ្ធផលដ៏ល្អប្រសើរទាំងនេះ អាចសម្រេចទៅបានដោយសារកម្ពុជាមាន​សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗសម្រេចបានកើតចេញពីស្មារតីសាមគ្គីភាពល្អប្រពៃពីមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចយ៉ាងសកម្មតាមផែនទីឯកភាពការងាររបស់ក្រសួងបរិស្ថាន និងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព ជាពិសេស ការយកចិត្តទុកដាក់ខ្ពស់និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ដែលមាន​ចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រជាក់លាក់ រឹងមាំ និងមានគំនិត​ផ្តួចផ្តើមថ្មីៗ ព្រមទាំងការចូលរួមសហការល្អពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ។ ដោយឡែក សមិទ្ធផលសំខាន់ៗបាន និងកំពុងសម្រេចបាន រួមមាន៖

  • បាន និងកំពុងរៀបចំសេចក្តីគោលនយោបាយ ស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងផែនទីបង្ហាញផ្លូវសម្រាប់ការងារ​ជីវសុវត្ថិភាព និងសេចក្តីព្រាង​ក្របខណ្ឌ​​​ការងារ​ជាតិ ស្ដីពីការប្រើប្រាស់ និង​ការ​បែងចែក​ផលប្រយោជន៍​ពីការប្រើប្រាស់​ធនធាន​ពន្ធុ​ដោយស្មើភាព និង   សមធម៌
  • បាន និងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាន និង​នីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
  • បានបញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ក្រុងកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម សួង និងក្រុងបាវិត
  • បាន និងកំពុងរៀបចំរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងសកម្មភាពសេដ្ឋកិច្ចចក្រា និងយន្តការវាយតម្លៃការសិក្សា ស្រាវជ្រាវនិងចងក្រងទិន្នន័យស្តីពីបច្ចេកវិទ្យាសមស្របសម្រាប់ការអនុវត្តនៅកម្ពុជា
  • បានបញ្ចប់សេចក្តីព្រាងក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវក្នុងកំរិតបច្ចេកទេស និងបន្តរៀបចំផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
  • បាន និងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ និងបច្ចេកទេស ស្តីពីអគារបៃតង​ ការិយា ល័យបៃតង និងព្រឹត្តិការណ៍បៃតង
  • បាន និងកំពុងរៀបចំបំពេញលក្ខខណ្ឌមួយចំនួន សម្រាប់ចាប់ផ្តើមកិច្ចព្រមព្រៀងស្តីពីការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
  • បានរៀបចំរបាយការណ៍ ស្តីពីសមិទ្ធិផលនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងវិស័យ  បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព
  • បានអនុម័តរបាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្តង និងដាក់ជូនទៅលេខាធិការដ្ឋានក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ
  • បានសិក្សាវាយតម្លៃសេដ្ឋកិច្ចលើសក្តានុពលថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ការអភិវឌ្ឍបៃតងនៅកម្ពុជា និងផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា
  • បាន និងកំពុងរៀបចំ​ប្លង់​ និង​ផែនការ​មេ​​នៅ​ក្នុ​​ង​មជ្ឈមណ្ឌល​ស្រាវជ្រាវនិ​ង​​​អភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន និងបញ្ចប់សេចក្តីព្រាង ស្តីពី​សៀវភៅមគ្គទេសន៍គ្រឿងទេសនៅកម្ពុជា និង

បាន និងកំពុងរៀបចំបន្តកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដើម្បីឯកភាពលើលិខិតបទដ្ឋានគតិយុត្តសម្រាប់ កិច្ចសហប្រតិបត្តិការ អាទិភាពការងាររួមគ្នានិងគម្រោងគាំទ្រជាក់ស្តែង និងបាន និងកំពុងអនុវត្តគម្រោងស្រាវជ្រាវជាមួយមជ្ឈមណ្ឌលគោលនយោបាយ យុទ្ធសាស្ត្រ និងនវានុវត្តន៍។

Binding documents: http://ncsd.moe.gov.kh/resources/document/gssds-annual-workshop-2020-Doc

Photo album: http://ncsd.moe.gov.kh/resources/album/gssd-annual-workshop-2020

 

  • Share on Social Media