PA at Senate 5 Dec 2016នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជា​ប្រធានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព និងសហការីបាន​ចូលរួម​សម័យ​ប្រជុំ​លើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣ ដើម្បីការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពីសេចក្តីព្រាង​ច្បាប់​នេះ​ទើបបានទទួលការ​អនុម័តជាឯកច្ឆន្ទ​ក្នុងកិច្ច​ប្រជុំពេញអង្គ​របស់​រដ្ឋសភា​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្រ្តី​​បានជម្រាប​ជូ​នអង្គប្រជុំ​ព្រឹទ្ធសភា​ថា សន្និសី​ទ​ប្រចាំឆ្នាំ​នៃបណ្តាភាគីអនុសញ្ញាUNFCCC​ លើកទី២១ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុង​ឆ្នាំ​២០១៥​ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស» ដើម្បីដោះស្រាយ​ការប្រែ​ប្រួល​អាកាសធាតុ ជាពិសេសដើម្បីជំរុញកា​រវិ​និយោគ​ដែល​បញ្ចេញ​កាបូន​តិចប្រកប​ដោយចីរភាព​នៅពេលអនាគត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនេះត្រូវបានរៀបចំឡើង ​ដោយ​ឈរលើមូលដ្ឋាននៃ​គោលការណ៍ចម្បង​នៃអនុសញ្ញា​UNFCCC ដែល​ជំរុញឱ្យភាគីទាំងអស់ខិតខំប្រឹង​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយការប្រែប្រួល​អាកាសធាតុ​ និងបន្ស៊ាំទៅនឹង​ឥទ្ធិពល​នៃការ​ប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកព្រឹទ្ធសភាមួយចំនួន ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយបំភ្លឺអំពីភាពចាំបាច់​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ព្រមទាំង​សារៈប្រយោជន៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបាន​បញ្ជាក់​ជូនអង្គ​ព្រឹទ្ធសភាអំពីការធ្វើកំណែទម្រង់នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការ​ពង្រឹងការគ្រប់គ្រង​ធនធាន​ធម្មជាតិ តាមរយៈការបន្តអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ​វាយតម្លៃសម្បទានដីសេដ្ឋកិច្ច ការផ្ទេរសមត្ថកិច្ច​គ្រប់​គ្រង​ព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងការរៀបចំឱ្យមានវេទិកាស្តីពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូនផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីពង្រឹង​និង​ពង្រីក​​វិសាលភាពតំបន់ការពារធម្មជាតិ សំដៅលើកកម្ពស់តម្លៃ និងកែលម្អមុខងារនៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាកែ​លម្អជីវភាព​រស់នៅ​របស់ប្រជាសហគមន៍មូលដ្ឋាន។

ជាលទ្ធផល បន្ទាប់ពីស្តាប់ការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គព្រឹទ្ធសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទចំនួន​៥១​សម្លេង​ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

  • Share on Social Media