នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុទម្លាយភាពស្ងប់ស្ងាត់ក្រោមប្រធានបទ ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ ក្នុងកម្មវិធីនេះខ្ញុំបាទបានលើកឡើងអំពី៖
១. មូលហេតុនិងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលតាមរយៈការសិក្សាស្រាវជ្រាវរួមគ្នា រវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាឆ្នាំ២០១៩ បានបង្ហាញថាការប្រែប្រួលអាកាសធាតុបង្កឱ្យផលិតផលជាតិសរុប (GDP) របស់កម្ពុជាធ្លាក់ចុះប្រមាណ ២.៥% នៅឆ្នាំ២០៣០ និង៩.៨% នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនវិធានការឆ្លើយតបសមស្របណាមួយនោះទេ ព្រមទាំងទស្សនៈនៃការយល់ឃើញនិងការត្រៀមខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (ការសិក្សាស្រាវជ្រាវលើកទី៣ ស្តីពី ការស្វែងយល់ទស្សនៈសាធារណជន ចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា ចំណេះដឹង ឥរិយាបថ និងការអនុវត្ត (KAP3) បានបង្ហាញថាប្រជាជនចំនួន៨៤%យល់ឃើញថាការប្រែប្រួលអាកាសធាតុកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ៨១%យល់ឃើញថាការប្រែប្រួលអាកាសធាតុនឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជានាពេលអនាគត ប៉ុន្តែមានប្រជាជនតែ៥៦% ប៉ុណ្ណោះគិតថាបានត្រៀមខ្លួនសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលនេះ) ២.គោលនយោបាយ ផែនការ សកម្មភាព និងការអនុវត្តលើការងារបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
៣. សារៈសំខាន់នៃការចូលរួមរបស់គ្រប់ភាគីក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង
៤. ជំរុញឱ្យសាធារណជនចូលរួមនិងអនុវត្តគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានរួមមាន៖
ក. ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ»
ខ. ជំរុញសហគមន៍ទេសចរប្រកបដោយអព្យាក្រឹតកាបូន
គ. បង្កើនគម្របព្រៃឈើឱ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន។