នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់សុពលភាពលើផែនការអនុវត្តន៍គម្រោង «រៀបចំរបាយការណ៍តម្លាភាពពីរឆ្នាំម្តងលើកទី១ (BTR1) របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ  (UNFCCC)។  សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួងស្ថាប័នពាក់ព័ន្ធ សមាជិក ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ 
និងស្ថាប័នពាក់ព័ន្ធនានា។  

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក  បានលើកឡើងពីភាពងាយរងគ្រោះនិងផលប៉ះពាល់នានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាអាទិ៍ គ្រោះរាំងស្ងួតនៅអឺរ៉ុប គ្រោះទឹកជំនន់នៅប៉ាគីស្ថាន  និងភាពតានតឹងភូមិសាស្រ្តនយោបាយពិភពលោក ដែលអាចជាឧបសគ្គក្នុងការសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកល។ ក្នុងន័យនេះ សកម្មភាពបន្ស៊ាំតាមរយៈការរៀបចំផែនការ សកម្មភាព និងយុទ្ធសាស្រ្ត ច្បាស់លាស់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាន់ពេលវេលា។ ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជាកំពុងពិចារណារៀបចំបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (CCCSP) ។
ឯកឧត្តមបានលើកឡើង អំពីសារសំខាន់នៃការអនុវត្តគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសគំនិតផ្តួចផ្តើមលើគម្រោងហិរញ្ញប្បទានបៃតង ដើម្បីទាញយកមូលនិធិអាកាសធាតុបៃតងក្នុងការគាំទ្រលើការវិនិយោគរបស់វិស័យឯកជនក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីតាមដានអំពីវឌ្ឍនភាពនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវដាក់ជូននូវរបាយការណ៍តម្លាភាពពីរឆ្នាំម្តង (BTR) ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។  ហេតុនេះ កម្ពុជាត្រូវរៀបចំរបាយការណ៍នេះប្រកបដោយភាពហ្មត់ចត់ និងច្បាស់លាស់ ដើម្បីបង្ហាញអំពីភាពរីកចម្រើន និងតម្រូវការបន្ថែមទៀតដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមស្នើសុំក្រុមការងារបច្ចេកទេស ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមចែករំលែកនូវទិន្នន័យ និងព័ត៌មានពាក់ព័ន្ធផ្សេងៗ ក៏ដូចជាផ្តល់ជាធាតុចូលដើម្បីឱ្យរបាយការណ៍តម្លាភាពពីរឆ្នាំម្តងរបស់កម្ពុជា មានសង្គតិភាព សុក្រឹតភាព និងភាពគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តយុទ្ធសាស្រ្ត បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ។ ឯកឧត្តមបានវាយម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចពិភាក្សា ហើយបានលើកឡើងពីឯកសារសំខាន់ៗជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ២០៣០-២០៥០ ក្នុងវិស័យបរិស្ថានរួមមាន៖ ក្រមបរិស្ថាន សៀវភៅស និងការបញ្ចូលការប្រែប្រួលអាកាសធាតុ និងជីវៈចម្រុះក្នុងកម្មវិធីអប់រំជាតិ គ្រប់កម្រិត។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់ បន្តនូវកិច្ចសហការល្អដើម្បីរំលែកនូវទិន្នន័យ ព័ត៌មានពាក់ព័ន្ធ និងបទពិសោធន៍នានា ក្នុងការរៀបចំរបាយការណ៍នេះឱ្យបានជោគជ័យ នាពេលអនាគត។ 









  • Share on Social Media