នាថ្ងៃព្រហស្បត្តិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការពង្រឹងសមត្ថភាពដើម្បីបង្កើនតម្លាភាពក្នុងការអនុវត្ត និង​តាមដាន​ការរួមចំណែក​របស់​ថ្នាក់ជាតិ​ក្នុង​ការអនុវត្ត​អនុសញ្ញា​ក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី» ។ សិក្ខាសាលានេះមានគោលបំណងដើម្បី ១) ផ្តល់ព័ត៌មាន និង​ពិភាក្សា​ជាមួយភាគីពាក់ព័ន្ធ និងដៃគូអំពីលទ្ធផលគម្រោង ប្រសិទ្ធផល និងវិធីសាស្រ្តអនុវត្តន៍ ព្រមទាំង​ស្វែងរកពីចំណុចដើម្បីផ្គុំកម្លាំងជាមួយនឹងគំនិតផ្តួចផ្តើមដែលមានស្រាប់ ២) ផ្ទៀងផ្ទាត់​ផែនការ​ការងារ​ដែល​បាន​កែសម្រួលរួច ជាមួយដៃគូសំខាន់ៗ និង ៣) បង្កើនការយល់ដឹងអំពីផែនការ ETF ដោយមាន​អ្នកចូលរួមចំនួនប្រមាណ៦៥នាក់។

ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសកម្ពុជា ជាពិសេស វិស័យកសិកម្ម ប្រព័ន្ធជីវៈចម្រុះនិងអេកូឡូស៊ី ធនធានទឹក សុខភាពមនុស្ស តំបន់ឆ្នេរ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយថវិកាអស់ជាច្រើនក្នុងមួយឆ្នាំៗ។ តាម​ការសិក្សា​របស់​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិន​បើ​យើង​មិន​បន្ថែម​ការវិនិយោគ​លើការបន្ស៊ាំទេ នោះ​ការប្រែប្រួល​អាកាសធាតុ​នឹង​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​ប្រមាណជា​១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែល​បណ្តាល​មកពីការ​ធ្លាក់ចុះ​នៃ​ផលិតភាព​ពលកម្ម​របស់កម្មករដោយសារតែកំណើន  សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​ដោយសារ​តែ​ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម។ ហេតុដូចនេះ វិធានការ​ឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​របាយការណ៍​ការចូលរួម​ចំណែក​របស់​ជាតិ​ក្នុង​ការអនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC)។ យើង​ក៏​បាន​រៀបចំផែនទីបង្ហាញផ្លូវស្តីពីការអនុវត្តរបាយការណ៍ NDC និង​ផែនការជំរុញ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ ឆ្នាំ២០១៩-២០៣០ ផងដែរ។ រាជរដ្ឋាភិបាល​ក៏​បាន​បញ្រ្ជាបការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ និងផែនការតាមវិស័យ។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការដែលរាជរដ្ឋាភិបាលមានឱកាសរៀបចំ និង​ចាត់វិធានការ​ដោះស្រាយ​នឹង​ការប្រែប្រួល​អាកាសធាតុ​បែបនេះ ដោយសារតែសង្គមមានសុខ សន្តិភាព និងស្ថេរភាព។

លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មាន​ប្រសាសន៍ថា វិស័យកសិកម្ម បាន​កំណត់​នូវគោលនយោបាយ​តម្រង់​ទិស​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ផលប៉ះពាល់​លើបរិស្ថានសំដៅការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ​សកម្មភាព កម្មវិធីនិងគម្រោងនានាស្តីពីការប្រែប្រួលអាកាសធាតុ ដោយរួម​ទាំង​ផែនការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុងវិស័យកសិកម្ម។ លោកជំទាវ បានបន្ថែទៀតថា ក្រសួង​បាន​ចាត់​វិធានការ​ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយ​មាន​បញ្រ្ជាប​ការប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​កសិកម្មឆ្នាំ២០១៩-២០២៣។

ចំណែក លោក អែន តូនីញ៉ូ ស្ស៊ែវ៉ន ប្រធានប្រតិបត្តិគម្រោងនៃអង្គការFAO បានមានប្រសាសន៍ថា ការអនុវត្ត​គម្រោង​នេះមានសារសំខាន់ណាស់ដើម្បី វាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) ការអនុវត្ត NDC ប្រកបដោយតម្លាភាព ហើយឲ្យកាន់តែទូលំទូលាយ ពិសេសស ការវាយតម្លៃ​លទ្ធផល​ដែល​កើតចេញពីការអនុវត្តសកម្មភាព និង​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុងការពង្រឹងក្របខណ្ឌតម្លាភាព វិធានការសម្រាប់ឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំ​ឱ្យមានការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងវិស័យប្រើប្រាស់ដីធ្លី និង​ជាមូលដ្ឋាន​សម្រាប់រៀបចំ និងពង្រឹងប្រព័ន្ធ និងដំណើរការពិនិត្យតាមដាន និងរាយការណ៍ ស្រប​ទៅតាមលក្ខខណ្ឌរបស់ Enhanced Transparency Framework (ETF)៕

  • Share on Social Media