ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិតហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៅសណ្ឋាគារឯករាជ្យ ខេត្ដព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្ដព្រះសីហនុ លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ដោយមានការចូលរួមពីប្រតិភូថៃ ថ្នាក់ដឹកនាំនិងមន្ដ្រីនៃក្រសួង MISTI តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរឧស្សាហកម្ម នៃបណ្ដាខេត្ដទាំង៤ ជាប់ឆ្នេរសមុទ្រ និងតំណាងអង្គការ UNIDO សរុបចំនួន៤០រូប។ សិក្ខាសាលានេះរៀបចំដោយអង្គការ UNIDO សហការជាមួយ ក្រសួងMISTI និងនាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន ក្នុងគោលបំណងដើម្បីឱ្យភាគីពាក់ព័ន្ធទទួលបានការយល់ដឹងកាន់តែប្រសើរឡើងលើសកម្មភាពចាំបាច់ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ EIP តាមរយៈ៖ (i) ការពង្រីកការយល់ដឹង និងការពង្រីកគម្រោង TEST សម្រាប់ការផលិតកម្មបៃតង (ii) ការរៀបចំស្ថាប័ន និងការសម្របសម្រួល និង (iii) តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលមូលដ្ឋាន ជាមួយគ្នានេះដែរ អ្នកចូលរួមនឹងមានឱកាសផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយវាអ្នកជំនាញការជាតិ និងអន្តរជាតិ ផងដែរ។
ក្នុងសន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្ដម ទឹង ស៊ិនី បានថ្លែងអំណរគុណដល់ដល់បណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការ UNIDO ដែលបានយកចិត្តទុកដាក់ និងសហការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងបរិស្ថាន ក្នុងការជំរុញ និងចូលរួមដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ តាមរយៈផ្ដល់ការគាំទ្រលើការអនុវត្ដគម្រោងនានានៅកម្ពុជាកន្លងមក ជាពិសេសគម្រោង TEST ដែលបានឈានមកដល់ដំណាក់កាលទី២នេះ។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថានឹងមានការគំាទ្រលើគម្រោងផ្សេងៗទៀតនាពេលអនាគត។ បន្ថែមពីនេះ ឯកឧត្ដមក៏បានលើកឡើងពីបញ្ហាមួយចំនួនពីវិស័យឧស្សាហកម្ម ក៏ដូចជាវិបត្តិអាកាសធាតុ និងផលប៉ះពាល់ដែលកំពុងកើតមានឡើងនៅក្នុងប្រទេស ជាពិសេសតំបន់ឆ្នេរ និងបរិបទពិភពលោក ដែលទាមទារឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ រួមមាន៖ ស្ថាប័នរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុបានទាន់ពេលវេលា។ ជាក់ស្ដែង នៅក្នុងបរិបទនៃការអភិវឌ្ឍក្រុងព្រះសីហនុ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាតំបន់ឧស្សាហកម្មបៃតង និងជាទីក្រុងពហុបំណងត្រឹមឆ្នាំ២០៣៨ ដោយគិតគូរទៅលើការសាងសង់កំពង់ផែអន្ដរជាតិថ្មី មានទំហំធំជាងមុននិងមានសក្ដានុពលច្រើនជាងមុន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការបង្កើនលទ្ធភាពការងាររបស់ប្រជាជននៅទីនោះ តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលចំណេះជំនាញបន្ថែមទៀតពាក់ព័ន្ធលើការងារវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។ ជាងនេះទៅទៀត ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ទីរជំនាញ និងការបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ក៏ជាអាទិភាពមួយទៀត ដែលរដ្ឋបាលក្រុងព្រះសីហនុគួរតែយកចិត្ដទុកដាក់ខ្ពស់ ដើម្បីទាញយកការវិនិយោគបន្ថែមទៀតពីបណ្ដាវិនិយោគទុនមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ កំឡុងពេលនៃវគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទអន្ដរាគមន៍ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ បទបង្ហាញស្ដីពីបទពិសោធន៍ គណៈកម្មការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង ពីតំណាងប្រតិភូថៃ បទបង្ហាញស្ដីពី តួនាទីនិងទំនួលខុសត្រុវរបស់រដ្ឋបាលខេត្ដ រ៉ាយ៉ង ក្នុងការលើកកម្ពស់ច្រករបៀងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយគណៈកម្មការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដោយប្រតិភូថៃ បទបង្ហាញស្ដីពីបទពិសោធន៍របស់UNIDOក្នុងការលើកកម្ពស់សួនឧស្សាហកម្មបៃតង និងដំណោះស្រាយបែបធម្មជាតិ ដោយតំណាងអង្គការUNIDO និងមានកិច្ចពិភាក្សាពិគ្រោះយោបល់ផងដែរ។ នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលនេះ ក៏មានការធ្វើទស្សនកិច្ចទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងរោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុផងដែរ។