នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្របានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធអំពីផែនការសកម្មភាពយេនឌ័រ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយនៅកម្ពុជា៖ការរៀបចំសកម្មភាពយេនឌ័រនៃក្របខ័ណ្ឌការងារសេនដាយឱ្យស្របតាមបរិបទរបស់កម្ពុជា។ សិក្ខាសាសាពិគ្រោះយោបល់នេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយសហការជាមួយក្រសួងកិច្ចការនារី និងមានការគាំទ្រពីអង្គការ UN Women ក្នុងគោលបំណងដើម្បីបង្កើតឱ្យមានឱកាសសម្រាប់ពិភាក្សាអំពីផែនការសកម្មភាពយេនឌ័រនៃក្របខ័ណ្ឌការងារសេនដាយ និងលទ្ធភាពកែសម្រួលផែនការសកម្មភាពនេះឱ្យស្របតាមបរិបទរបស់កម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សិក្ខាសាលានេះដែរ ប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី Maria Holsberg នាយិការងស្ដីទី ការិយាល័យUN Women ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានការចូលរួមពីតំណាងក្រុមការងារភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងសិទ្ធិអំណាចស្ដ្រី លេខធិការដ្ឋាន NCDM ក្រុមការងារបញ្ជ្រាបយេនឌ័រមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុប៦៥រូប។ 

សិក្ខាសាលាពិគ្រោះយោបល់មួយព្រឹកនេះ ទទួលលទ្ធផលដូចខាងក្រោម៖ 

  • មានការធ្វើបទបង្ហាញស្ដីពីការពិនិត្យឡើងវិញពាក់កណ្ដាលអណត្ដិលើក្របខ័ណ្ឌការងារសេនដាយនិងផែនការសកម្មភាពជាតិយេនឌ័រ និងការពិនិត្យឡើងវិញលើយេនឌ័រក្នុងការអនុវត្ដផែនការជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ ២០១៨-២០២៣ ដែលជួយឱ្យសិក្ខាកាមទទួលបាននូវព័ត៌មាន សាវតាអំពីការងារពាក់ព័ន្ធនឹងយេនឌ័រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ និងការរៀបចំ NAP-DRR ២០២៤ឥ២០២៨
  • មានកិច្ចពិភាក្សាពីវាគ្មិនអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធសំខាន់ៗ រួមមាន៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួងកិច្ចការនារី តំណាងការិយាល័យយអិនវូមេនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំណាងដៃគូអភិវឌ្ឍន៍ ពិភាក្សាទៅលើប្រធានបទ “ភាពពាក់ព័ន្ធនិងឱកាសសម្រាប់រៀបចំផែនការសកម្មភាពជាតិយេនឌ័រសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្ដរាយឱ្យស្របតាមបរិបទរបស់កម្ពុជា”
  • បានពិភាក្សារួមទៅលើសំណួរ “យោងតាមបទពិសោធន៍​ និងការសង្កេតរបស់អ្នក តើអ្វីទៅជាបញ្ហាយេនឌ័រដែលទាក់ទងនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅប្រទេសកម្ពុជា”។

សូមបញ្ជាក់ផងដែរថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ (NAP-DRR) ២០២៤-២០២៨ នេះនឹងត្រូវពិភាក្សាពេញអង្គនៅទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។




  • Share on Social Media