នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការធនាគារពិភពលោកទីក្រុងភ្នំពេញ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីលទ្ធផលការសិក្សាលើហិរញ្ញប្បទានអាកាសធាតុសម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលស្ថិតក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារពិភពលោក។ កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Toshiaki Ono អ្នកជំនាញជាន់ខ្ពស់វិស័យហិរញ្ញវត្ថុរបស់ធនាគារពិភពលោក​ និងដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន (អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារជាតិនៃកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម​ និងអ្នកពាក់ព័ន្ធ សរុបចំនួន៣០រូប។​  កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃអំពីហិរញ្ញប្បទានអាកាសធាតុសម្រាប់វិស័យកសិកម្មនៅកម្ពុជា ជាមួយក្រសួងស្ថាប័នជាតិទទួលបន្ទុក និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីប្រមូលបន្ថែមរាល់ធាតុចូល និងចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឱ្យអនុសាសន៍នៃការសិក្សានេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអនុវត្តហិរញ្ញប្បទានអាកាសធាតុក្នុងវិស័យកសិកម្ម នៅកម្ពុជា។ 

ជាលទ្ធផលកិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖

  • បានពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុសាសន៍ទាំងបួននៃការសិក្សានេះ (១. ការជំរុញ និងលើកកម្ពស់ខ្សែច្រវាក់កសិកម្មបៃតង ២. ការជំរុញនវានុវត្តន៍ផលិតផលកសិកម្មឱ្យស្របនឹងហិរញ្ញប្បទានកសិកម្ម និងហិរញ្ញប្បទានអាកាសធាតុ ៣. ការលើកកម្ពស់សមត្ថភាពស្ថាប័នលើវិស័យហិរញ្ញប្បទានកសិកម្ម និងហិរញ្ញប្បទានអាកាសធាតុ និង៤. ការកៀរគរការវិនិយោគពីវិស័យឯកជន និងលើកកម្ពស់បច្ចេកវិទ្យាមេត្រីភាពអាកាសធាតុ និងទិន្នន័យអាកាសធាតុ)។
  • បានពិភាក្សា​ និងកែសម្រួលការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សម្រាប់អនុវត្តនូវសកម្មភាពដែលបានស្នើក្នុងអនុសាសន៍នីមួយៗ
  • តំណាងក្រសួងបរិស្ថានបានស្នើឱ្យធនាគារពិភពលោកពិចារណាក្នុងការដាក់បញ្ចូលក្រសួងបរិស្ថានក្នុងការអនុវត្តសកម្មភាពចំនួន០២ បន្ថែមទៀត នៃអនុសាសន៍ទី៤ (សកម្មភាព១៣. ការផ្តល់ហរិញ្ញប្បទានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដើម្បីគាំទ្រការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្នាតតូច និងការជំរុញហិរញ្ញប្បទានកាបូន សកម្មភាព១៥. ការលើកម្ពស់បច្ចេកវិទ្យានិងទិន្នន័យអាកាសធាតុ ដើម្បីជំរុញការអនុវត្តហិរញ្ញប្បទានបន្ស៊ាំនឹងអាកាសធាតុ។ ការដាក់បញ្ចូលនេះស្របតាម ការទទួលខុសត្រូវ យុទ្ធសាស្រ្ត និងបទដ្ឋានគតិយុត្តដែលក្រសួងបរិស្ថានបានដាក់ចេញមានជាអាទិ៍ ក្រមបរិស្ថាននិងធនធានធម្មជាតិ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន វិធានប្រតិបត្តិសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។ 
  • ឯកឧត្ដមប្រធានអង្គប្រជុំបានស្នើឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យ​ និងផ្តល់យោបល់លើលទ្ធផលបឋម និងអនុសាសន៍នៃការសិក្សានេះ និងស្វាគមន៍រាល់មតិយោបល់បន្ថែមទៀតពីអ្នកពាក់ព័ន្ធ មុននឹងការគាំទ្រការផ្សព្វផ្សាយជាផ្លូវការ នាពេលខាងមុខ។​ 



  • Share on Social Media