ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី មន្ត្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធាសាស្ដ្រ បានចូលរួមកិច្ចប្រជុំលើកទី១៥ ក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន និងក្រសួងបរិស្ថាន និងព្រៃឈើ ប្រទេសឥណ្ឌូណេស៊ី ក្រោមកិច្ចសហការជាមួយភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋានអាស៊ាន មន្ត្រីបង្គោលរដ្ឋសមាជិកអាស៊ានទាំង១០​ (អវត្តមានប្រទេសមីយ៉ាន់ម៉ា)​ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធរបស់អាស៊ាន។ កិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃបានប្រព្រឹត្តទៅ និងទទួលបានលទ្ធផលដូចខាងក្រោម៖

-  កិច្ចប្រជុំគណៈកម្មការលើកទី២ ការអនុវត្តកម្មវិធីសកម្មភាពអាកាសធាតុអាស៊ាន-អាល្លឺម៉ង បានពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនភាពការងាររបស់ AWGCC-CAP សម្រាប់ឆ្នាំ២០២៣ និងផែនការសកម្មភាពការងារឆ្នាំ២០២៤-២០២៥ ដែលផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព​ AWGCC និងគំនិតផ្តួចផ្តើមរបៀបវារៈឆ្ពោះទៅសន្និសីទកំពូលលើកទី២៩ បណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29)។

-  សនិ្នសីទលើកទី៤ ស្តីពីភាពជាដៃគូប្រែប្រួលអាកាសធាតុអាស៊ាន ត្រូវបានរៀបចំឡើងជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការតាមដាន និងចែករំលែកវឌ្ឍនភាពការងារនៅក្នុងសកម្មភាពអាកាសធាតុក្នុងតំបន់។ វេទិកាពិភាក្សាក្រោមប្រធានបទសំខាន់ៗត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន៖ ១)ការតាមដានវឌ្ឍនភាពការងារការអនុវត្ត NDC ដោយផ្តោតសំខាន់ទៅលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងការស្វែងរកការគាំទ្រនៅក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី និងវិស័យថាមពល ២)ទស្សនៈរបស់អាស៊ានចំពោះមូលនិធិកិច្ចបាត់បង់ និងខូចខាត និងប្រតិបត្តិការ នៃមូលនិធិកិច្ចបាត់បង់ និងខូចខាត ៣)ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ដើម្បីបង្កើនការវិនិយោគ និងហិរញ្ញប្បទានអាកាសធាតុ និង៤)ការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ការគាំទ្រមហិច្ឆតាអាកាសធាតុអាស៊ាន។ នៅក្នុងកិច្ចពិភាក្សានេះផងដែរ លោក ប៉ិច សុឃីម តំណាងមន្ត្រីបង្គោល AWGCCបានចូលរួមចែករំលែកវឌ្ឍនភាព និងបញ្ហប្រឈមរបស់កម្ពុជា សម្រាប់វិស័យព្រៃឈើ និងការប្រើប្រាស់ដីនៅក្នុង NDC និងវឌ្ឍនភាពក្នុងការរៀបចំ​ និងអនុវត្តគោលនយោបាយឆ្លេីយតបការប្រែប្រួលអាកាសធាតុ​ ជាអាទិ៍​ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ យុទ្ធនាការដាំកូនឈើ ១លានដើមក្នុងមួយឆ្នាំជាដេីម។

-  កិច្ចប្រជុំលើកទី១៥ ក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ បានប្រព្រឹត្តទៅតាមរបៀបវារៈគ្រោងទុកដោយលេខាធិការដ្ឋានអាស៊ាន និងទទួលបានលទ្ធផលសំខាន់ៗដូចជា៖ ១)បានពិនិត្យ និងផ្តល់យោបល់ទៅលើវឌ្ឍនភាពការងារ និងឯកសារទស្សនទានដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងក្រៅតំបន់ជាមួយដៃគូអភិវឌ្ឍន៍នានា ២)កម្ពុជា បានធ្វើបទបង្ហាញអំពីសមិទ្ធផលនៃការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងថ្នាក់តំបន់អាស៊ាន ស្តីពីការបញ្ជ្រាបសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងផែនការតាមវិស័យរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ៣)ប្រទេសព្រុយណេ បានបង្ហាញអំពីវឌ្ឍនភាពក្នុងដំណើការបង្កើតមជ្ឈមណ្ឌលអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ (ACCC) ៤)ប្រទេសម៉ាឡេស៊ី បានធ្វើបទបង្ហាញអំពីគំនិតផ្តួចផ្តើមនៃការបង្កើតក្រុមសម្ព័ន្ធភាពអាស៊ីអាគ្នេយ៍ (Group Southeast Asia Alliance-SEA) និងបានស្នើសុំការគាំទ្រពីបណ្តាប្រទេសជាសមាជិក ៥)ប្រទេសឡាវ បានរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ (ASEAN Joint Statement on Climate Change) សម្រាប់ COP29 និងស្នើសុំធាតុចូលបន្ថែមពីបណ្តារដ្ឋសមាជិកត្រឹមថ្ងៃទី១៩​ មិថុនា​ ២០២៤ ៦)បានឯកភាពកំណត់យកប្រទេសឡាវ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៦ នៃក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងព្រះបាង​ នាខែឧសភា​ ឆ្នាំ២០២៥​ ៧)​ គាំទ្រឲ្យមានការរៀបចំASEAN Pavilion​ នៅក្នុង COP29 នាពេលខាងមុខនេះ​ ក្រោមកិច្ចសហការជាមួយ​ GIZ​ ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងាររបស់អាស៊ាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងក្នុងតំបន់ និងសកលលោក។






  • Share on Social Media