សមិទ្ធិផលការងារចម្បងៗរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលា ត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០

……………………………………………………………………………………………………………………

ទីស្តីការក្រសួងបរិស្ថាន ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលា​ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០​ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន សរុបប្រមាណជា៣០០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ វឌ្ឍនភាពការងារ សម្រេច បានឆ្នាំ២០១៩ មេរៀន បទពិសោធន៍ទទួលបាន បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២០។  

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម សៅ សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដែលបានខិតខំបំពេញការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ​ក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ក.ជ.អ.ច. គឺជាស្ថាប័នអន្តរក្រសួង ដែលត្រូវបានបង្កើតឡើងដើម្បី​ទទួលបន្ទុកគិតគូររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រនានា សំដៅធានានូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍គន្លឹះ ឱ្យចិត្តទុកដាក់ខ្ពស់​លើអាទិភាពសំខាន់ៗ រួមមាន៖ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ការដឹកជញ្ជូននិរន្តរភាព ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច. បានគូសបញ្ជាក់ថា ការងារលេចធ្លោមួយ​ចំនួនគួរឱ្យកត់សម្គាល់របស់ ក.ជ.អ.ច. រួមមាន៖ ១) ដាក់បញ្ចូលការអភិវឌ្ឍដោយចីរភាព ការអភិវឌ្ឍបៃតង ការប្រែប្រួល​អាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និង​គោលនយោបាយជាតិប្រជាជន ២)រៀបចំបញ្ចប់ការសិក្សា និងប្រកាសដាក់ឱ្យប្រើប្រាស់នូវ៖ ផែនការអភិវឌ្ឍន៍ទីក្រុង​និរន្តរភាពសម្រាប់រាជធានីភ្នំពេញ២០១៨-២០៣០,សំណើគោលនយោបាយសារពើពន្ធសម្រាប់យានយន្តរបាយ​ការណ៍ស្តីពីដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុប្រទេសកម្ពុជារបាយការណ៍​ស្តីពីការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា របាយការណ៍ជាតិលើកទី៦​ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង ៣) ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន៕

Binding Documents of Annual Workshop 2019

Photo Album

  • Share on Social Media