កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងក្រសួងសេដ្ឋកិច្ច លោក ស៊ីម ទូច ប្រធានការិយាល័យ និងលោក ឌឿន ដារ៉ា ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំចែករំលែកបទពិសោធន៍និងទស្សនទានលើកទី២ (Facilitative Sharing of Views II) ស្តីពីការរៀបចំរបាយការណ៍ពីរឆ្នាំម្តងលើកទី១ (fBUR) ដែលរៀបចំដោយក្រុមការងារចំពោះកិច្ច (SBI) ស្តីពីការអនុវត្តអនុសញ្ញា UNFCCC ដែលជាផ្នែកមួយនៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26)នៅទីក្រុងក្លាសហ្គូ ចក្រភពអង់គ្លេស។ នៅក្នុងវគ្គទី២នេះ មានប្រទេសកម្ពុជា ឡាវ និងឥណ្ឌា ចូលរួមធ្វើសេចក្តីថ្លែងការណ៍ខ្លី ហើយលោកបណ្ឌិត ហាក់ ម៉ៅ បានធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងសកម្មភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ។ លោកបានគូសបញ្ជាក់ថាក្នុងនាមប្រទេសងាយរងគ្រោះដោយសារប្រែប្រួលអាកាសធាតុ កម្ពុជាផ្តល់អាទិភាពខ្ពស់លើការងារបន្ស៊ាំ ទោះបីជាយ៉ាងណាកម្ពុជាក៏បានគិតគូរអំពីវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ ជាក់ស្តែងក្នុងរបាយការណ៍ Updated NDC បង្ហាញថាកម្ពុជាអាចកាត់បន្ថយឧស្ម័នរហូតដល់៤២%។ ទាក់ទងនឹងរបាយការណ៍ fBUR មានសំនួរជាច្រើនពីប្រទេស អង់គ្លេស អាល្លឺម៉ង់ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក លុចហ្ស៊ំបួរ កាណាដា ឥណ្ឌូនេស៊ី និង អារ៉ាប៊ីសាអូឌីតបានចោទសួរឡើងស្តីដំណើរការរៀបចំស្ថាប័ន ការរៀបចំប្រព័ន្ធតាមដាន រាយការណ៍ និងត្រួតពិនិត្យ ការប្រមូល ប្រើប្រាស់និងផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគទិន្នន័យ ការប្រើប្រាស់ម៉ូដែល និងបញ្ហាប្រឈម។ លោកបណ្ឌិតបានឆ្លើយតបនឹងសំនួរទាំងនេះ និងបានសង្កត់ធ្ងន់ថាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាគឺសមត្ថភាពជំនាញក្នុងការធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ បច្ចេកវិទ្យា និងហិរញ្ញវត្ថុនៅមានកម្រិតដែលបណ្តាលឲ្យដំណើរការរៀបចំរបាយការណ៍ម្តងៗត្រូវការពេលយូរ។ 

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត ហាក់ ម៉ៅ  តំណាងក្រសួងសេដ្ឋកិច្ច និងលោកឌឿនដារ៉ាបានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីពិភាក្សា និងចែករំលែកបទពិសោធន៍ស្តីពី ការពង្រឹងសមត្ថភាពដើម្បីទទួលបានហិរញ្ញប្បទានអាកាសធាតុដោយផ្ទាល់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកោះតូចៗ និងប្រទេសអាហ្រិ្វក។ កម្មវិធីត្រូវបានសម្របសម្រួលរៀបចំដោយមូលនិធិទ្រទ្រង់ការរស់នៅបន្សុំានឹងអាកាសធាតុក្នុងតំបន់ (Local Climate Adaptive Living Facility- LoCAL) ហើយនៅកម្មវិធីផងដែរនេះលោកបណ្ឌិត ហាក់ ម៉ៅ បានចែករំលែកបទពិសោធន៍របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ដែលស្ថាប័នរដ្ឋដំបូងទទួលបានហិរញ្ញប្បទានផ្ទាល់ (Accredited Entity-AE) ពីមូលនិធិអាកាសធាតុបៃតង៕

  • Share on Social Media