ខេត្តមណ្ឌលគិរី ថ្ងៃព្រហស្បតិ៍ ០៨រោច ដល់ថ្ងៃសុក្រ ០៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញជាគណៈអធិបតី ឯកឧត្តម ជា សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហ៊ាន វណ្ណហ៊ន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តម ប៊ុន ណារិទ្ធិ         រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម រ័ត្ន វីរៈ និងលោកជំទាវ ចាន់ សុម៉ាលីអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងបរិស្ថានសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងសាកលវិទ្យាល័យ មន្ទីរពាក់ព័ន្ធខេត្តមណ្ឌលគិរី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តំណាងលេខាធិការដ្ឋានរេដបូក វិស័យឯកជន សរុបចំនួនប្រមាណ ៧០នាក់។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» និងផ្សព្វផ្សាយនូវរបាយការណ៍នេះជូនដល់អ្នកពាក់ព័ន្ធ។ 

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម ទិន ពន្លក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការក្រសួងបរិស្ថាន អ្នកជំនាញជាតិ និងអន្តរជាតិ ស្ថាប័នពាក់ព័ន្ធនានា​ ដែលបានសហការផលិតជារបាយការណ៍ដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាង ហើយស្តែងចេញជាមោទនភាពរបស់កម្ពុជាក្នុងនាមជាសមាជិកភាគីនៃ UNFCCCដែលឆ្លុះបញ្ចាំងពីការរួមចំណែកនៃកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមបានបន្ថែមទៀតថា​ កម្ពុជាជាប្រទេសងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាត្រូវបង្កើនសមត្ថភាពបន្ស៊ាំរបស់ខ្លួនផ្អែកលើការវិភាគបែបវិទ្យាសាស្រ្ត លើវិស័យសំខាន់ដូចជា កសិកម្ម ធនធានទឹក តំបន់ឆ្នេរ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចរីភាព និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដូចជាគម្រោងយន្ដការអភិវឌ្ឍន៍ស្អាត  គម្រោងកាត់ បន្ថយឧស្ម័នពីការបាត់បង់និងរេចរឹលព្រៃឈើ (REDD+)ជាដើម។ ​ ​ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលទាមទារឱ្យមានការចូលរួម និងដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សប្រកបដោយចីរភាព។​ ​កម្ពុជាបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១ ទៅកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) និងក្រោយពីបានទទួលការវាយតម្លៃពីក្រុមអ្នកជំនាញ កម្ពុជាក៏បានទទួលនូវការកោតសរសើអំពីគុណភាពនៃរបាយការណ៍នេះផងដែរ។ ឯកសាររបាយការណ៍BUR បានអនុម័តជាផ្លូវការនៅខែឧសភា ឆ្នាំ២០២០ និងបានដាក់ជូនរបាយការណ៍នេះទៅលេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ប្រកបដោយជោគជ័យ។

ឯកឧត្តម ជា សំអាង បានគូសបញ្ជាក់អំពី ការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងសារពើភណ្ឌឧស្ម័ន ផ្ទះកញ្ចក់ជាតិ វិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងប្រសិទ្ធភាព ឧបសម្ព័ន្ធបច្ចេកទេស REDD+ នៃរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដង ការវាស់វែង រាយការណ៍ និងការផ្ទៀងផ្ទាត់ថ្នាក់ជាតិ និងព័ត៌មានសំខាន់ផ្សេងទៀតផងដែរ។ របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១នេះ គឺជាមោទនភាពរបស់កម្ពុជាក្នុងនាមជាសមាជិកភាគីនៃក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលឆ្លុះបញ្ចាំងពីការរួមចំណែករបស់កម្ពុជាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមបានបន្ថែមទៀតថា​ របាយការណ៍នេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភវិឌ្ឍ​កម្មវិធី​ REDD+ជាតិ និងគោលនយោបាយការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យ​មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជន។​

ឯកឧត្តម ឈឹម កាន បានគូសបញ្ជាក់ថា​​ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ និងតែងជួបប្រទះនូវគ្រោះមហន្តរាយអាកាសធាតុផ្សេងៗដូចជា គ្រោះទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះជាដើម។ ដោយសារខេត្តមណ្ឌលគិរីនៅតំបន់ខ្ពង់រាប មានប្រជាជនជាជនជាតិភាគតិច ដែលភាគច្រើនរស់នៅពឹងផ្អែកលើរបរកសិកម្ម ហើយមានសមត្ថភាពក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមានកម្រិតទាប ជាហេតុធ្វើឱ្យខេត្តមួយនេះកាន់តែងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុនេះ។ ជាក់ស្ដែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខេត្តមណ្ឌលគិរីបានរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ដែលបានបំផ្លាញនូវ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ផលដំណាំ និងអាយុជីវិតមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីជាច្រើន។ ដូចនេះ ការបញ្រ្ជាបការងារប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន គឺជាការចាំបាច់បំផុត ដែលកិច្ចការទាំងនេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានវាគ្មិននិងអ្នកជំនាញ ធ្វើការបង្ហាញលើបង្ហាញពីមាតិកានិងខ្លឹមសារសំ ខាន់ៗនៃរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដងលើកទី១របស់កម្ពុជា ស្ថានភាពទូទៅបិរបទនៃការរៀបចំ     ស្ថាប័ន និងក្របខ័ណ្ឌគោលនយោបាយ សារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ​ និងវិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងប្រសិទ្ធភាព ការវាស់វែង រាយការណ៍ និងការផ្ទៀងផ្ទាត់ថ្នាក់ជាតិ ព័ត៌មានអំពីការផ្ដល់ជំនួយ/ការគាំទ្រ បញ្ហាប្រឈម ភាពខ្វះចន្លោះ និងតម្រូវការ និងប្រធានបទសំខាន់ៗមួយចំនួនទៀត៕ 

1st BUR (UNFCC Website): https://unfccc.int/documents/232019

1st BUR (NCSD Website): http://ncsd.moe.gov.kh/resources/document/cambodia’s-1st-BUR

Photo Album: http://ncsd.moe.gov.kh/resources/album/launching-1st-BUR

 

  • Share on Social Media