ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ព្រមទាំងស្វែងយល់ពីតួនាទីរបស់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនៅក្នុងវិស័យនេះ ជាពិសេសការចែករំលែកបទពិសោធន៍ គំនិតយោបល់នានាដើម្បីជំរុញការភិវឌ្ឍក្នុងវិស័យនេះនៅកម្ពុជា នាពេលអនាគត នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំ «សិក្ខាសាលាលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទីក្រុងភ្នំពេញ។ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងចូលរួមជាគណៈអធិបតីនៅក្នុងពិធីបើកសិក្ខាសាលានេះ។
ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ដោយយល់ច្បាស់ពីសារៈសំខាន់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹងសាជីវកម្មថាមពលបរមាណូរដ្ឋ “Rosatom” នៃសហព័ន្ធរុស្ស៊ី រួមមាន ៖ (១) អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព (២)អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើត «ក្រុមការងាររួមកម្ពុជា-រុស្ស៊ី» ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការនេះ និង (៣) អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើត «មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់ តម្រូវការ ប្រសិទ្ធភាពនៃបច្ចេកវិទ្យានុយក្លេអ៊ែរ និងសុវត្ថិភាពនៃការប្រើប្រាស់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ទន្ទឹមនេះដែរ នៅមានលក្ខណ្ឌចាំបាច់ និងបញ្ហាចម្បងៗជាច្រើន ដែលយើងត្រូវបំពេញ និងគិតគូរពិចារណាឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដែលរួមមាន ការកសាងសមត្ថភាព ការលើកកម្ពស់ការយល់ដឹង និងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យានុយក្លេអ៊ែរ តាមរយៈការបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស ទាំងរយៈពេលខ្លី មធ្យម និងវែង គឺជាកត្តាចាំបាច់មិនអាចខ្វះបានឡើយ ជាពិសេសត្រូវផ្តល់អាទិភាពចម្បងលើមុខវិជ្ជាពាក់ព័ន្ធនឹងការប្រើប្រាស់ នៅក្នុងវិស័យវេជ្ជសាស្រ្ត កសិកម្ម ឧស្សាហកម្ម ការផលិតអគ្គិសនីពីថាមពលនុយក្លេអ៊ែរ។ល។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តាប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងខិតខំសិក្សាសា្រវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីប្រើប្រាស់សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ក្នុងទិសដៅលើកកម្ពស់សុខភាពមនុស្ស បង្កើនស្តង់ដាជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ទន្ទឹមក្នុងនោះដែរមានប្រទេសមួយចំនួនបានខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍក្នុងវិស័យនេះក្នុងគោលដៅយោធា ដើម្បីបង្ហាញពីនិមិត្តរូបនៃអំណាច និងភាពរុងរឿងរបស់ខ្លួន ប៉ុន្តែក៏នៅមានអង្គការអន្តរជាតិមួយចំនួន ជាពិសេសទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវបានបង្កើតឡើង ដើម្បីជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងទប់ស្កាត់ការប្រើប្រាស់សម្រាប់គោលបំណងយោធា។ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព បានកើនឡើងជាប្រចាំនៅក្នុងវិស័យជាច្រើន ដូចជា កសិកម្ម និងស្បៀងអាហារ វេជ្ជសាស្រ្ត ឧស្សាហកម្ម ផលិតកម្មអគ្គិសនី សំណង់ និងបរិស្ថានជាដើម ហើយការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរក៏ត្រូវបានប្រទេសជាច្រើនចាត់ទុកថាជាជម្រើសមួយ អាចជួយធានាសន្តិសុខថាមពល ជំរុញការអភិវឌ្ឍដោយចីរភាព និងរួមចំណែកឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ។