នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យមានជ័យ ក្រោមអធិបតីភាពឯកឧត្តមទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមបណ្ឌិត សំ ង៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យមានជ័យ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប និងលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអ្នកចូលរួមសរុបចំនួន៤៨នាក់។
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងកសាងភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។