នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍(MISTI) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាតិ (UNIDO) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី«ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងផល់ប៉ះពាល់ពីការកើនឡើងកម្តៅ»។ សិក្ខាសាលានេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដោយមានការសម្របសម្រួលពីលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ មន្ដ្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ តំណាងក្រសួង/ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា តំណាងអង្គការ UNIDO និងក្រុមហ៊ុន រោងចក្រឯកជន សរុបចំនួន ៤៥ រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ១) ចែករំលែកចំណេះដឹង និងបទពិសោធន៍លើកការអនុវត្ត ការផ្ទេរវិធីសាស្ដ្របច្ចេកវិទ្យាមេត្រីបរិស្ថាន TEST ដែលជាវិធីសាស្ត្រកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈប្រសិទ្ធភាពថាមពល និងពីផលប៉ះពាល់ពីការកើនឡើងកម្តៅ ជាពិសេសវិស័យឧស្សាហកម្ម និង ២) សិក្សាពីការអនុវត្តល្អៗពីភាគីពាកព័ន្ធសំខាន់ៗអំពីការប្រើប្រាស់ថាមពលស្អាត និងប្រសិទ្ធភាពថាមពល ដើម្បីឱ្យក្រុមហ៊ុន និងរោងចក្រផ្សេងទៀតអាចសិក្សាស្វែងយល់ និងអនុវត្តតាម។


លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមចំណែកជាសកលតាមរយៈការរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រមួយចំនួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដូចជា CCCSP(2014-2023) Updated NDC និងយុទ្ធសាស្ត្រអភិវឌ្ឍន៍   រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន(LTS4CN) ដោយផ្តោតសំខាន់លើការកាត់បន្ថយការបញ្ចេញឧស្ម័ន ការបន្សុំា ការកៀរគរថវិកា និងយន្តការសម្របសម្រួលហើយយុទ្ធសាស្រ្តទាំងនេះនឹងជួយឱ្យកម្ពុជាអាចចាប់យកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចបៃតង និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលនឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនការវិនិយោគ និងនវានុវត្តន៍ក្នុងទសវត្សរ៍ខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពអាកាសធាតុនៅកម្ពុជា និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។


លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ការផ្ទេរវិធីសាស្ត្របច្ចេកវិទ្យាបៃតង ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍដែលបញ្ចេញកាបូនតិចពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
ជាលទ្ធផល សិក្ខាកាមទាំងអស់បានស្វែងយល់កាន់តែច្បាស់ និងទទួលបានចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗ ដែលគម្រោងផ្ទេរវិធីសាស្ដ្របច្ចេកវិទ្យាមេត្រីបរិស្ថាន TEST កំពុងអនុវត្តតាមស្ថាប័ន ក្រុមហ៊ុន និងរោងចក្រនានា ក្នុងប្រទេសកម្ពុជា ជាពិសេសការសន្សំសំចៃ និងប្រសិទ្ធភាពថាមពល និងពីផលប៉ះពាល់ពីការកើនឡើងកម្តៅ ទាំងក្នុងវិស័យឧស្សាហកម្ម និងអប់រំ។










  • Share on Social Media