នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ បណ្ដាញស្ដ្រីឆ្នើម និងសហគមន៍គោលដៅរបស់គម្រោង “ជម្រើសដឹកនាំដោយស្ដ្រីដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា” រៀបចំដោយអង្គការអាក់សិនអេតអន្ដរជាតិកម្ពុជា ក្រោមការគំាទ្រជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលនិងប្រជាជនចក្រភពអង់គ្លេស នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សិក្ខាសលានេះមានការចូលរួមពីតំណាងក្រសួងនិងមន្ទីរពាក់ព័ន្ធ បណ្ដាញស្ដ្រីឆ្នើមមកពីខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកំពង់ធំពោធិ៍សាត់ កោះកុង និងខេត្ដកំពត អង្គការដៃគូ និងបុគ្គលិកអង្គការអាក់សិនអេតអន្ដរជាតិកម្ពុជា។ 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

- ពង្រឹងបណ្ដាញស្ដ្រីឆ្នើមទាំងបួនខេត្ដរួមបញ្ចូលទាំងសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងអង្គការដៃគូរបស់គម្រោង

- ឆ្លុះបញ្ចាំងអំពីផែនការរបស់គម្រោង (សមិទ្ធផល បញ្ហាប្រឈម មេរៀនបទពិសោធន៍ និងកត្ដាប្រឈមនានាក្នុងការអនុវត្ដគម្រោងនាឆ្នាំកន្លងមក)

- ពង្រឹងនិងជំរុញបណ្ដាញស្ដ្រីឆ្នើមគំរូនិងស្ដ្រីក្នុងភាពជាអ្នកដឹកនាំនៅក្នុងការងារការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ

- ពិភាក្សានិងបង្ហាញច្បាស់លាស់ពីសូចនាករប្រចាំឆ្នាំរបស់គម្រោងជម្រើសដឹកនាំដោយស្ដ្រីដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

- បង្កើតផែនការតាមដានសម្រាប់បណ្ដាញស្ដ្រីឆ្នើមនិងផែនការរបស់គម្រោងសម្រាប់ឆ្នាំបន្ទាប់ (ចាប់ពីខែមេសា ឆ្នាំ២០២៣

- ពិភាក្សាអំពីផែនការយុទ្ធសាស្ដ្ររបស់គម្រោង ដើម្បីប្រាកដថាគម្រោងមាននិរន្ដរភាប និងមានភាពជាម្ចាស់របស់ភាគីពាក់ព័ន្ធ។

ជាលទ្ធផលនៃសិក្ខាសាលា៖ 

- សិក្ខាកាមបណ្ដាញស្ដ្រីមកពីខេត្ដទាំង៤ បានពិភាក្សាពីបរិបទគ្រោះមហន្ដរាយតាមខេត្ដនីមួៗ និងកំណត់ផែនការសម្រាប់ឆ្នាំបន្ទាប់ 

- បានឆ្លុះបញ្ចាំងពីបទពិសោធន៍របស់បណ្ដាញស្ដ្រីឆ្នើមក្នុងការចូលរួមនិងដោះស្រាយបញ្ហារបស់ស្ដ្រីនៅកម្ពុជាលើការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយនិងការប្រែប្រួលអាកាសធាតុក្នុងវេទិកាជាតិនិងអន្ដរជាតិ

- បានកំណត់យុទ្ធសាស្ដ្រ និងផែនការសម្រាប់បណ្ដាញស្ដ្រីឆ្នើមនៅវេទិកាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្ដរជាតិសម្រាប់ឆ្នាំទី៣ នៃគម្រោង យុទ្ធសាស្ដ្រ និងការបង្កើតផែនការសម្រាប់ការចូលរួមរបស់បណ្ដាញស្ដ្រីឆ្នើមនៅក្នុងវេទិកាជាតិនិងអន្ដរជាតិ តស៊ូមតិថ្នាក់ជាតិ/ថ្នាក់តំបន់សម្រាប់ឆ្នាំទី៣ រួមទាំងការគាំទ្រពីភាគីពាក់ព័ន្ធ យន្ដការនិងអាជ្ញាធរមូលដ្ឋាន និងផែនការដកថយរបស់គម្រោង។ 






  • Share on Social Media