ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា នៅទីក្រុងលូសាកា ប្រទេសសំប៊ី លោក ប៊ុនម៉ា មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បានចូលរួមកម្មវិធី NAP Expo 2025 ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញប្រទេសអភិវឌ្ឍន៍តិចតួច (LEG) ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចបៃតង និងបរិស្ថាន នៃរដ្ឋាភិបាលប្រទេសសំប៊ី ក្រោមការគាំទ្រពីលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម MIKE ELTON MPOSHA រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបៃតង និងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធសរុបប្រមាណ ៤០០នាក់ មកពី ៨០ប្រទេស។ ដោយរៀបចំឡើងក្រោមប្រធានបទ «នវានុវត្តន៍នៅក្នុងដំណើរការរៀបចំផែនការជាតិបន្ស៊ាំ» គោលបំណងរួម នៃ NAP Expo នេះគឺដើម្បីបង្កើនមហិច្ឆតាសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដោយជំរុញការរៀបចំ និងការអនុវត្តផែនការជាតិបន្ស៊ាំ (NAPs) តាមរយៈ៖ ១-សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ NAPs  និងស្ថាប័នផ្តល់ការគាំទ្រ រួមទាំង GCF, AF, Gef និងស្ថាប័នពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដូចជា ស្ថាប័ន UN ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ គ្រឹៈស្ថានស្រាវជ្រាវ និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ផែនការជាតិបន្ស៊ាំ ២-បង្កើតវេទិកាសកល ស្តីពីផែនការជាតិបន្ស៊ាំ ដើម្បីចែករំលែកបទពិសោធន៍ មេរៀនល្អៗតាមរយៈការរៀបចំកិច្ចប្រជុំ សិក្ខាសាលាបច្ចេកទេស សម្រាប់រដ្ឋជាសមាជិក និងរដ្ឋពុំមែនជាសមាជិកក្នុងការទំនាក់ទំនងដើម្បីជំរុញការរៀបចំ និងការអនុវត្តផែនការជាតិបន្ស៊ាំ និង៣-បម្រើជាវេទិកាសកលដើម្បីជំរុញវិធានការបច្ចេកទេស និងការអនុវត្តសំដៅឆ្ពោះទៅការរៀបចំផែនការជាតិបន្ស៊ាំ និងការអនុវត្តគោលនយោបាយ និងគម្រោងនិងកម្មវិធី ដែលពាក់ព័ន្ធនឹងផែនការជាតិបន្ស៊ាំ។

តាមរយៈបទអន្តរាគមន៍ពីតំណាង UNFCCC និងអ្នកជំនាញ NAP សិក្ខាសាលា និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធ ដែលមានរយៈពេលសរុបចំនួន ៤ថ្ងៃ ទទួលបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ 

១-បានដាក់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារបច្ចប្បន្នភាពគោលការណ៍ណែនាំបច្ចេកទេសអំពីការរៀបចំ´ NAP សំដៅធានាឱ្យបានថាប្រទេសជាសមាជិកដែលពុំទាន់បានរៀបចំ NAP អាចរៀបចំបានត្រឹមឆ្នាំ២០២៥  និងអនុវត្ត NAP បាននៅឆ្នាំ២០៣០ ស្របទៅតាមភស្តុតាងវិទ្យាសាស្ត្រចុងក្រោយ និងគោលដៅសកលស្តីពីការបន្ស៊ាំ (Global Goal on Adaptation)

២-សិក្ខាសាលា/វគ្គបច្ចេកទេសច្រើនជាង៦ បានផ្តោតសំខាន់ទៅលើការកៀរគរធនធាន និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានសម្រាប់ NAP មានជាអាទិ៍៖លទ្ធភាពទទួលបានហិរញ្ញប្បទានពីប្រភពដែលមានស្រាប់នៅក្រោមយន្តការហិរញ្ញប្បទានរបស់ UNFCCC និងការស្វែងរកប្រភពហិរញ្ញប្បទានបន្ស៊ាំថ្មី និងវិធីសាស្ត្រដែលរដ្ឋជាសមាជិកអាចកៀរគរបាន

៣- សិក្ខាសាលា/វគ្គបច្ចេកទេសចំនួន៥ បានផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដូចជា AI, Big Data, និង Machine Learning នៅក្នុងដំណើររៀបចំ និងអនុវត្ត NAP និង

៤-សិក្ខាសាលា/វគ្គបច្ចេកទេស បានផ្តោតសំខាន់លើការលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ននៅក្នុងដំណើរការរៀបចំ និងអនុវត្ត NAP ដោយរួមបញ្ចូលគោលគំនិតពីគ្រប់ភាគីពាក់ព័ន្ធ មានដូចជាជនជាតិដើមភាគតិច បទពិសោធន៍ពីសហគមន៍មូលដ្ឋាន ការចូលរួមពីវិស័យឯកជន ដោយផ្តោតជាចម្បងទៅលើសហគមន៍ងាយរងគ្រោះ យេនឌ័រ និងការចូលរួមរបស់យុវជន។





  • Share on Social Media