នាថ្ងៃព្រហស្បត្តិ៍៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង «ការពង្រឹងសមត្ថភាពដើម្បីបង្កើនតម្លាភាពក្នុងការអនុវត្ត និងតាមដានការរួមចំណែករបស់ថ្នាក់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី» ។ សិក្ខាសាលានេះមានគោលបំណងដើម្បី ១) ផ្តល់ព័ត៌មាន និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងដៃគូអំពីលទ្ធផលគម្រោង ប្រសិទ្ធផល និងវិធីសាស្រ្តអនុវត្តន៍ ព្រមទាំងស្វែងរកពីចំណុចដើម្បីផ្គុំកម្លាំងជាមួយនឹងគំនិតផ្តួចផ្តើមដែលមានស្រាប់ ២) ផ្ទៀងផ្ទាត់ផែនការការងារដែលបានកែសម្រួលរួច ជាមួយដៃគូសំខាន់ៗ និង ៣) បង្កើនការយល់ដឹងអំពីផែនការ ETF ដោយមានអ្នកចូលរួមចំនួនប្រមាណ៦៥នាក់។
ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេស វិស័យកសិកម្ម ប្រព័ន្ធជីវៈចម្រុះនិងអេកូឡូស៊ី ធនធានទឹក សុខភាពមនុស្ស តំបន់ឆ្នេរ និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ជាច្រើនក្នុងមួយឆ្នាំៗ។ តាមការសិក្សារបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែមការវិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើន សីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម។ ហេតុដូចនេះ វិធានការឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC)។ យើងក៏បានរៀបចំផែនទីបង្ហាញផ្លូវស្តីពីការអនុវត្តរបាយការណ៍ NDC និងផែនការជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ឆ្នាំ២០១៩-២០៣០ ផងដែរ។ រាជរដ្ឋាភិបាលក៏បានបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងបានរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ និងផែនការតាមវិស័យ។ ឯកឧត្តមបានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលមានឱកាសរៀបចំ និងចាត់វិធានការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុបែបនេះ ដោយសារតែសង្គមមានសុខ សន្តិភាព និងស្ថេរភាព។
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យកសិកម្ម បានកំណត់នូវគោលនយោបាយតម្រង់ទិសឆ្ពោះទៅរកការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានសំដៅការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព កម្មវិធីនិងគម្រោងនានាស្តីពីការប្រែប្រួលអាកាសធាតុ ដោយរួមទាំងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្ម។ លោកជំទាវ បានបន្ថែទៀតថា ក្រសួងបានចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មឆ្នាំ២០១៩-២០២៣។
ចំណែក លោក អែន តូនីញ៉ូ ស្ស៊ែវ៉ន ប្រធានប្រតិបត្តិគម្រោងនៃអង្គការFAO បានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះមានសារសំខាន់ណាស់ដើម្បី វាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) ការអនុវត្ត NDC ប្រកបដោយតម្លាភាព ហើយឲ្យកាន់តែទូលំទូលាយ ពិសេសស ការវាយតម្លៃលទ្ធផលដែលកើតចេញពីការអនុវត្តសកម្មភាព និងគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងការពង្រឹងក្របខណ្ឌតម្លាភាព វិធានការសម្រាប់ឆ្លើយតបចំពោះផលប៉ះពាល់ និងកត្តា ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម និងវិស័យប្រើប្រាស់ដីធ្លី និងជាមូលដ្ឋានសម្រាប់រៀបចំ និងពង្រឹងប្រព័ន្ធ និងដំណើរការពិនិត្យតាមដាន និងរាយការណ៍ ស្របទៅតាមលក្ខខណ្ឌរបស់ Enhanced Transparency Framework (ETF)៕