នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ និងកញ្ញា លី សុភ័ណ្ឌអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការផលិតផែនទីសូចនាករយេនឌ័រពីទិន្នន័យជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ និងជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រុមការងារស្ថិតិយេនឌ័រនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួង ស្ថាប័នអង្គការដៃគូប្រមាណ ៦៥នាក់។

សិក្ខាសាលាមានគោលបំណងពិនិត្យពិភាក្សា និងទទួលធាតុចូលសំខាន់ៗបន្ថែមពីបណ្តាក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ មុននឹងធ្វើការផ្សព្វផ្សាយលទ្ធផលជាផ្លូវការពីផែនទីសូចនាករយេនឌ័រនេះ។ ផែនទីសូចនាករយេនឌ័ររំលេចនូវទិន្នន័យតាមភេទ-ក្រុមនៃផ្នែកសំខាន់ៗដូចជា៖ ការសិក្សាអប់រំ ការងារនិងពលកម្មកុមារ អត្រាអ្នកក្នុងបន្ទុក ស្ថានភាពអាពាហ៍ពិពាហ៍ លំនៅដ្ឋាន ពិការភាព-ការលំបាកផ្សេងៗ និងសូចនាករពាក់ព័ន្ឌផ្សេងៗទៀត (វិស័យឧស្សាហកម្ម, សេវាកម្ម)។

អង្គសិក្ខាសាលាទទួលបានអនុសាសន៍និងធាតុចូល រួមមាន៖ ប្រើប្រាស់ពាក្យឲ្យមានសង្គតភាពជាមួយវិស័យជំនាញ, ពិចារណាបន្ថែមសូចនាករការអប់រំកុមារតូច, ការប្រែប្រួលអាកាសធាតុ, ការសិក្សាកម្រិតឧត្តមនិងក្រោឧត្តមសិក្សា ទេសន្តប្រវេសន៍ ការបំពាន ការប្រើប្រាស់ឌីជីថល ការកាន់កាប់ដីធ្លី រំលេចអត្រាជាតួលេខតាមខេត្តនៅលើផែនទី។ ដោយឡែក ក្រសួងផែនការក្នុងឆ្នាំ២០២៤នេះ គ្រោងនឹងផលិតទិន្នន័យសូចនាករយេនឌ័រក្នុងវិស័យបរិស្ថាន និងស្នើសុំកិច្ចសហការជាមួយក្រសួងបរិស្ថាន។

*សូមជម្រាបថា ការផលិតសូចនាករយេនឌ័រជាផែនទីនេះ (gender map) គឺដើម្បីផ្តល់ភាពងាយស្រួល និងរហ័សក្នុងការទាញយក/ទទួលបានទិន្នន័យពីយេនឌ័រតាមភេទ ក្រុម កម្រិត និងវិស័យមួយចំនួន។





  • Share on Social Media