រាជធានីភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំប្រព័ន្ធវាស់វែង រាយការណ៍ និងការផ្ទៀងផ្ទាត់សម្រាប់គោលនយោបាយថាមពលកកើតឡើងវិញ ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការពីក្រសួង ស្ថាប័ន ពាក់ព័ន្ធសំខាន់ៗ ទីប្រឹក្សាអន្តរជាតិ និងតំណាងម្ចាស់ជំនួយ ចំនួន៤០រូប ស្រ្តី៧រូប។
សិក្ខាសាលានេះមានគោលបំណងដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលនូវធាតុចូលបន្ថែមដើម្បីរៀបចំប្រព័ន្ធវាស់វែង រាយការណ៍ និងការផ្ទៀងផ្ទាត់សម្រាប់គោលនយោបាយថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ទិន ពន្លក បានគូសបញ្ជាក់ថា៖ វិស័យថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។ ប្រភពនៃការផលិតអគ្គិសនី នៅកម្ពុជារួមមាន វារីអគ្គិសនី ប្រេងឥន្ទនៈផូស៊ីល (ម៉ាស៊ូត ប្រេងខ្មៅ ធ្យូងថ្ម) ពន្លឺព្រះអាទិត្យ និងជីវម៉ាស់។
ក្នុងដំណាក់កាលចុងក្រោយនេះ ថាមពលវារីអគ្គិសនី និងធ្យូងថ្ម មានទំហំផ្គត់ផ្គង់ថាមពលអគ្គិសនីច្រើនជាងគេ ជាមួយគ្នានេះផងដែរ ក៏មានវិស័យឯកជនមួយចំនួនកំពុងសិក្សាអំពីសក្តានុពលថាមពលខ្យល់នៅតំបន់មានសក្កានុពលមួយចំនួននៅកម្ពុជា ដូចជា នៅភ្នំបូកគោ ជាដើម។ គោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីការប្រើប្រាស់ថាមពលកកើតឡើងវិញក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការថាមពល និងមិនបំពុលបរិស្ថានផងដែរ។
ទោះជាយ៉ាងណា ការផលិតអគ្គិសនីពីប្រភពឥន្ទនៈផូស៊ីល នឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ដែលជាបុព្វហេតុនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុនេះ គឺជាបញ្ហាអន្តរវិស័យ និងមានការគំរាមកំហែងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ហើយពិភពលោកបានសម្ដែងក្ដីព្រួយបារម្ភអំពីបញ្ហាសកលនេះ។
ឯកឧត្តម ក៏បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាស្ដីពីការប្រែប្រួលអាកាសធាតុ និងពិធីសារក្យូតូ បានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ដអនុសញ្ញានេះ តាមរយៈការអនុវត្តយន្ដការអភិវឌ្ឍន៍ស្អាត(នាំមុខគេក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច) យន្តការឥណទានកាបូនរួមគ្នា និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម ហើយព្រះរាជាណាចក្រកម្ពុជាក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅខែកក្កដា ឆ្នាំ២០១៦ ដែលមានកាតព្វកិច្ចរៀបចំនិងអនុវត្ត "ការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC)” ព្រមទាំងពង្រឹងតម្លាភាពក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ៕