នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅខេត្តរតនគិរី នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រោមកិច្ចសហការ និងគាំទ្រពីអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) បានរៀបចំសិក្ខាសាលាបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ និងលើកកម្ពស់ចំណេះដឹងអំពីសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ (Children’s Climate Risk Index-CCRI) នៅថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សាម សុជាង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ តំណាងក្រសួងមហាផ្ទៃ មន្ត្រីជំនាញលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មន្ត្រីជំនាញ នៃរដ្ឋបាលខេត្ត ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធសរុបចំនួន ៦០រូប ស្រី ១១រូប។
គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានឱ្យមានលទ្ធភាពបញ្ចូលកិច្ចការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងភាពធន់ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ (CIP)។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្សព្វផ្សាយលទ្ធផលសំខាន់ៗនៃសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ (CCRI) ដែលបង្ហាញពីភាពងាយរងគ្រោះរបស់កុមារចំពោះគ្រោះថ្នាក់អាកាសធាតុ និងការបំពុលបរិស្ថាន។
ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ខេត្តរតនគិរីជាខេត្តមួយនៅភូមិភាគឦសានដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ និងប្រពៃណីវប្បធម៌ចម្រុះសម្បូរបែប។ ទន្ទឹមនឹងការអភិរក្សធនធានធម្មជាតិ ការងារកិច្ចគាំពារបរិស្ថាន និងការឆ្លើយតបបន្ទាន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាសកម្មភាពចម្បងដែលតម្រូវឱ្យអាជ្ញាធរខេត្ត ស្រុក ឃុំ និងអ្នកពាក់ព័ន្ធពិចារណា និងពង្រឹងការយកចិត្តទុកដាក់ សំដៅលើកកម្ពស់ភាពធន់ក្នុងសហគមន៍ និងការអភិវឌ្ឍដោយចីរភាព និងការអនុលោមភាពទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព ដែលត្រូវបានដាក់ចេញដោយក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសំណូមពរឱ្យអ្នកចូលរួម ជាពិសេសអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ធ្វើការរួមគ្នាដាក់ចេញនូវផែនការសកម្មភាពអាទិភាព ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ដោយគិរគូរបន្ថែមពីការកាត់បន្ថយភាពងាយរងគ្រោះរបស់កុមារ ជាពិសេសចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល សិក្ខាកាមដែលជាមន្ត្រីជំនាញមកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត រដ្ឋបាលស្រុក និងឃុំគោលដៅបានទទួលចំណេះដឹងពាក់ព័ន្ធទៅនឹងទិដ្ឋភាពទូទៅ នៃការប្រែប្រួលអាកាសធាតុ ដំណើរការ នៃការរៀបចំកម្មវិនិយោគ ៣ឆ្នាំរំកិលឃុំ ដោយបញ្ជ្រាបការងារបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការយល់ដឹងអំពីសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ (CCRI) លទ្ធផលនៃការរកឃើញសំខាន់ៗ របស់ឯកសារ CCRI មានជាអាទិ៍ ភាពប្រឈម និងភាពងាយរងគ្រោះរបស់កុមារទៅនឹងគ្រោះថ្នាក់អាកាសធាតុ និងភាពតានតឹងបរិស្ថាន នៅតាមបណ្តាឃុំគោលដៅ។ ទន្ទឹមនឹងនេះ ដោយពិនិត្យទៅលើលទ្ធផលនៃការរកឃើញខាងលើ រដ្ឋបាលឃុំទាំង៣ នៃស្រុកកូនមុំ ក្រោមការសម្របសម្រួលដោយមន្ត្រីជំនាញក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការ UNICEF បានធ្វើការរួមគ្នាក្នុងការដាក់ចេញនូវផែនការសកម្មភាពការងារអាទិភាព ដោយបានកំណត់អំពីប្រភពថវិកា និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ សំដៅចូលរួមកាត់បន្ថយភាពងាយរងគ្រោះរបស់កុមារ និងពង្រឹងភាពធន់នៅក្នុងសហគមន៍ព្រមទាំងការបង្កើនអាហារូបត្ថម្ភដល់កុមារ កាន់តែមានសុខភាពល្អ និងបង្កើនចំណេះដឹងខ្ពស់ស្របតាមគោលនយោបាយជាតិ។