រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើក និង កិច្ចពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេស ក្នុងកិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឆ្នាំ២០២១ ដែលសហការរៀបចំដោយក្រសួងបរិស្ថាន និង Mekong Future Initiative។ ក្នុងប្រជុំកំពូលនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងទូតអាមេរិក អង់គ្លេស និងអូស្រ្តាលីប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗ ជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធ ដែលរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង ដែលជួយសម្រួលដល់អ្នកពាក់ព័ន្ធ ជាពិសេសវិស័យរដ្ឋ និងឯកជនដើម្បីជួបនិងពិភាក្សាអំពីការទទួលខុសត្រូវរួមគ្នាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលបាននិងកំពុងតែកើតមានឡើងនៅទូទាំងពិភពលោក និងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមទៀតថា ប្រទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំ COP26 នៅចក្រភពអង់គ្លេស ដែលប្រធានបទនៃការពិភាក្សានឹងផ្តោតការលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យន្តការបន្ស៊ាំ និងហិរញ្ញវត្ថុដែលត្រូវអនុវត្តដើម្បីឆ្លើយទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ប្រទេសកម្ពុជាដើរតួនាទីជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated NDC) ទៅលេខាធិការដ្ឋាន UNFCCC បង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមលើសពីនេះទៅទៀត រាជារដ្ឋាភិបាលកំពុងរៀបចំ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ហើយគ្រោងនឹងបង្ហាញនៅក្នុងកិច្ចប្រជុំ COP26 នៅខែវិច្ឆិកាឆ្នាំនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់ថាមពលដែលមានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាពគឺជាបញ្ហាអន្តរវិស័យ ដែលក្នុងនោះរាជរដ្ឋាភិបាលកំពុងបញ្ចប់ផែនការអភិវឌ្ឍន៍ថាមពលថ្មីមួយ និងគោលនយោបាយប្រសិទ្ធភាពថាមពលដំបូងរបស់ខ្លួន។
ឯកឧត្តមសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្ស ចំពោះកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង បរិស្ថាន ធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារ នៅតែបន្តរីកចម្រើននិងផ្តល់លទ្ធផលជាវិជ្ជមាន។ ក្រសួងបរិស្ថានក៏មានភាពជាដៃគូយ៉ាងល្អប្រសើរជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូយុទ្ធសាស្ត្រមេគង្គដើម្បីកំណត់ហិរញ្ញប្បទានអាកាសធាតុសមស្របបំផុតលើយានយន្ត សម្រាប់ការវិនិយោគបៃតងនៅកម្ពុជា។ ដំណើរការនេះ នឹងទាក់ទាញឱ្យមានការវិនិយោគក្នុងស្រុក និងការផ្តល់ហិរញ្ញប្បទានអាកាសធាតុអន្តរជាតិសំដៅឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានភាពបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ចេញកាបូនកាបូនតិច។
បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានចែករំលែកទស្សនៈ និងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាអំពីបញ្ហាប្រឈមដែលកម្ពុជាជួបប្រទះពីការប្រែប្រួលអាកាសធាតុដូចជា ដល់វិស័យកសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និងបរិស្ថាន ការរួមបញ្ចូលគ្នានៃរោគរាតត្បាតជំងឺកូវីដ-១៩និងការប្រែប្រួលអាកាសធាតុ និងការកសាងផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពក្នុងការការពារបរិស្ថាន ជីវៈចម្រុះ និងថាមពល និងលទ្ធផលរំពឹងទុកមុន និងក្រោយកិច្ចប្រជុំ COP26 ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទិន ពន្លក បានថ្លែងអំពីសារសំខាន់ស្តីពី ការអភិវឌ្ឍដែលបញ្ចេញកាបូនទាបនៅកម្ពុជា ដោយរួមមាន គោលនយោបាយ និងការដាក់ចេញផែនការសកម្មភាពនានានៅក្នុងកិច្ចពិភាក្សាជាមួយតំណាងអង្គទូត និងអ្នកជំនាញអន្តរជាតិ ហើយបន្ទាប់មកមានការធ្វើបទបង្ហាញ ជជែកពិភាក្សា និងបទអន្តរគមន៍ដោយប្រតិភូ វិស័យឯកជន និងអ្នកស្រាវជ្រាវដែលអញ្ជើញមកពីស្ថាប័នជាតិ អន្តរជាតិ។