ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែ ឆ្នាំ២០១៦ សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជននៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងជូនយុវជន សិស្ស-និស្សិត អំពីបញ្ហាប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សូត យា អភិបាលរងនៃគណៈអភិបាលខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាមប្រមាណជាង១៥០នាក់ ដែលជាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្ស និស្សិតក្នុងខេត្តកំពត។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដែលយើងទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានបន្តថា កន្លងមកនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយទាំងផ្នែកបច្ចេកទេស និងថវិកា សម្រាប់អនុវត្ដបណ្តាគម្រោងបន្ស៊ាំ និងកាត់បន្ថយនានាទៅនឹងការប្រែប្រួលអាកាសធាតុ នៅតាមបណ្ដាខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ យុវជនដែលជាសិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយដែលប្រការនេះនឹងជួយរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម សូត យា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានរៀបចំវគ្គបណ្តុះបណ្តាលលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុទៅកាន់យុវជន សិស្ស និងនិស្សិត នៅលើទឹកដីខេត្តកំពត ដែលជាខេត្តមួយនៅតំបន់ដែលធ្លាប់ទទួលរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះញឹកញាប់ ភាពរាំងស្ងួត ទឹកជំនន់ដែលនាំឱ្យមានការកាត់ផ្តាច់ប្រព័ន្ធផ្លូវ និងរំខានដល់វិស័យទេសចរណ៍ ។ល។
នៅក្នុងថ្ងៃទីមួយនៃកម្មវិធី ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុបានផ្តោតសំខាន់ទៅលើ ១) មូលហេតុ និង ផលប៉ះពាល់ ២) ការឆ្លើយតបរបស់ថ្នាក់ជាតិ និងអន្តរជាតិ ៣) ជម្រើសបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ៤) ជម្រើសកាត់បន្ថយ ៥)ហិរញ្ញប្បទានអាកាសធាតុ និង៦)វិធីសាស្រ្តគណនាដានកាបូន ដែលបង្ហាញដោយមន្រ្តីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ។ នៅថ្ងៃបន្ទាប់ យុវជនទាំងអស់នឹងចូលរួមដាំដើមកូនកោងកោងចំនួន២០០០ដើម នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
គួរបញ្ជាក់ដែរថា ដោយយល់ឃើញពីភាពចាំបាច់នៃតួនាទីសំខាន់របស់យុវជននៅក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សិក្ខាសាលានេះត្រូវបានរៀបចំជាលើកទីបី បន្ទាប់ពីការរៀបចំជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៥ និងលើកទី២ ក្នុងខែមិថុនា ឆ្នាំ២០១៦។