ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័ត នាចុងខែធ្នូ ឆ្នាំ២០១៦ ថ្មីៗនេះ ដែលប្រការនេះបង្ហាញពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាចាប់យកកាលានុវត្តភាពសម្រាប់ទទួលបានអត្ថប្រយោជន៍ដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈការអនុវត្ត «ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា (Nationally Determined Constribution: NDC)»។
រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិទីក្រុងញូវយ៉ក។ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដែលជាស្ថាប័នបង្គោលនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានសម្របសម្រួលដំណើរការអនុម័តច្បាប់នេះ ដែលរួមមានជំហានសំខាន់ៗដូចខាងក្រោម :
ការបកប្រែនិងកែសម្រួលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុជាភាសាខ្មែរ និងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ
ការបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី និងការបកស្រាយបំភ្លឺ មុននឹងបញ្ជូនទៅកាន់រដ្ឋសភា
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូ ចូលរួមបំភ្លឺសេចក្តីព្រាងច្បាប់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា។ គណៈកម្មការនេះ បានឯកភាពលើសេចក្តីព្រាងច្បាប់នេះ និងបានបញ្ជូនទៅកាន់សម័យប្រជុំពេញអង្គនៃរដ្ឋសភា។
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូ ចូលការពារសេចក្តីព្រាងច្បាប់នៅក្នុងសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី៥។ ជាលទ្ធផល អង្គសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆ័ន (១០៦សម្លេង លើ១០៦)។
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូ ចូលរួមបំភ្លឺសេចក្តីព្រាងច្បាប់នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា។ គណៈកម្មការនៃព្រឹទ្ធសភា បានឯកភាពនិងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅក្នុងកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា។
ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូ ចូលការពារសេចក្តីព្រាងច្បាប់នៅក្នុងសម័យប្រជុំលើកទី៩ នៃព្រឹទ្ធសភានីតិកាលទី៣។ ជាលទ្ធផល អង្គព្រឹទ្ធសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទចំនួន៥១សម្លេង
ការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ន ក.ជ.អ.ច. កំពុងរៀបចំលិខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីប្រគល់សិទ្ធិជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខាលើ លិខិតុប្បករណ៍ចុំចូលជាសមាជិក (instrument of accession) នៃកិច្ចព្រមព្រៀងនេះ ដើម្បីយកទៅដំកល់ទុកនៅទីស្នាក់ការអង្គការសហប្រជាតិ ដែលជាជំហានចុងក្រោយអនុញ្ញាតឱ្យកម្ពុជាទៅជាសមាជិកនៃកិច្ចព្រមព្រៀងអន្តរជាតិថ្មីនេះ។
អត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជារំពឹងថានឹងទទួលបានពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺ ការទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការចែករំលែកបច្ចេកវិទ្យា និងការកសាងសមត្ថភាព ដែលអាចឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ តាមរយៈការអនុវត្តសកម្មភាពបន្សុំា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព។
ទោះបីជាប្រទេសកម្ពុជាត្រូវបំពេញកាតព្វកិច្ចជាក់លាក់ដែលកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានផ្តល់នូវភាពបត់បែនសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដោយផ្អែកលើគោលការណ៍ការទទួលខុសត្រូវរួមគ្នា តែក្នុងកម្រិតផ្សេងគ្នា ក៏ដូចជាទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស។
គួរបញ្ជាក់ផងដែរថា ការអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ហើយដែលមេដឹកនាំពិភពលោកបានសម្រេចជាឯកច្ឆន្ទ នៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១២ ខៃធ្នូ ឆ្នាំ២០១៥ នៅក្នុងសន្និសីទបណ្តាភាគីលើកទី២១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP21) ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសដើម្បីជំរុញការវិនិយោគដែលបញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត។ កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចម្បងៗនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលជំរុញឱ្យភាគីទាំងអស់ខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ រហូតមកដល់បច្ចុប្បន្ន មានប្រទេសចំនួន១២២ បានផ្តល់សច្ចាប័លើកិច្ចព្រមព្រៀងនេះ។