ដោយមានកិច្ចសហការក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិទៅលើសេចក្តីព្រាងចុងក្រោយនៃ ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ សាកលវិទ្យាល័យ វិទ្យាស្ថានជាតិអប់រំ និងក្រុមការងារនៃក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន៤៨នាក់ ក្នុងនោះស្រ្តី១២នាក់។ កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលចុងក្រោយពីសំណាក់មន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធសំដៅកែលម្អគុណភាពមេរៀន បន្ទាប់ពីមានការចុះប្រមូលមតិយោបល់ពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមអ្នកនិពន្ធ ជាច្រើនលើក។
លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាប្រធានក្រុមលទ្ធផលទី៣សម្រាប់គ្រប់គ្រងចំណេះដឹងនិងទំនាក់ទំនងការប្រែប្រួលអាកាសធាតុ បានគូសបញ្ជាក់ថា «វិស័យអប់រំ បានដើរតួនាទីសំខាន់ក្នុងការផ្តល់ពុទ្ធិ ចំណេះ និងជំនាញ ដល់មនុស្សគ្រប់រូបជាពិសេសចាប់ពីកុមារភាព។ ប៉ុន្តែចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ តួយ៉ាងដូចជា មូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តប្រែប្រួលអាកាសធាតុ បាតុភូតធម្មជាតិនិងសកម្មភាពមនុស្ស មូលហេតុនិងផលប៉ះពាល់តាមវិស័យ មិនទាន់ត្រូវបានបញ្ជ្រាបពេញលេញក្នុងកម្មវិធីសិក្សានៅឡើយទេ ជាហេតុធ្វើឱ្យមនុស្សម្នាក់ៗមិនទាន់អាចឆ្លើយតបនឹងគ្រោះហន្តរាយនានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុទាន់ពេលវេលា»។ លោកបណ្ឌិត បានបន្តអំពីការជំរុញដើម្បីឱ្យឯកសារប្រែប្រួលអាកាសធាតុនេះ អាចប្រើប្រាស់បានជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងឱកាសនេះដែរ លោក អោ សៀម ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងពីសារៈសំខាន់នៃការផលិតឯកសារនិងការបញ្ជ្រាបខ្លឹមសារសំខាន់ៗទៅក្នុងកម្មវិធីអប់រំថ្នាក់ជាតិ ថាបានកំពុងរួមចំណែកក្នុងការពង្រឹង និងកែលម្អដល់កម្មវិធីសិក្សាថ្នាក់ជាតិដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង១៥ចំណុចនៃកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកបានបន្តថា កិច្ចការចងក្រងឯកសារនេះនៅពុំទាន់ត្រូវបានបញ្ចប់សព្វគ្រប់នៅឡើយ ប៉ុន្តែសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះគឺជាឱកាសពិសេស ព្រោះវាជាដំណាក់កាលប្រមែប្រមូលមតិយោបល់ថ្នាក់ជាតិចុងក្រោយពីក្រុមការងារបច្ចេកទេសស្តីពីការប្រែប្រួលអាកាសធាតុនិងអ្នកពាក់ព័ន្ធនានា មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការ។
សេចក្តីព្រាងមេរៀនទាំងនេះរួមមាន៖ សម្រាប់ថ្នាក់ទី១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី, សម្រាប់ថ្នាក់ទី១១មាន៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, និងសម្រាប់ថ្នាក់ទី១២មាន២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ គឺជាគម្រោងដែលកំពុងអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុងគោលបំណងដើម្បី “លើកកម្ពស់ចំណេះដឹងមន្រ្តីផ្នែកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្សកម្រិតមធ្យមសិក្សា តាមរយៈការបញ្ជ្រាបមុខវិជ្ជាប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ”។