«បង្កើនកិច្ចគាំទ្រផ្នែកគោលនយោបាយនិងការបញ្ជ្រាបទៅក្នុងដំណើរការផែនការជាតិបន្ស៊ាំ» គឺប្រធានបទដែលបានលើកឡើងនៅក្នុងវេទិកាសកលលើកទី៣ស្តីពីផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហើយដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីតំណាងប្រទេសចំនួន៨ រួមមាន បេណាំង កូឡុំប៊ី ម៉ាដាហ្កាស្កា ម៉ិកស៊ិក សាម័រ អាហ្រ្វ៊ិកខាងត្បូង តង់សានី និងថៃ ព្រមទាំងបណ្តាដៃគូអភិវឌ្ឍន៍ប្រចាំកម្ពុជា សរុបចំនួន ៤៥នាក់។
ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបាន នឹងកំពុងគំរាមកំហែងដល់ជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសដល់វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ជលផល ព្រៃឈើ តំបន់ឆ្នេរ សុខភាព និងទេសចរណ៍។ ឯកឧត្តមបានបន្តថា កម្ពុជាត្រូវត្រៀមរៀបចំកិច្ចការជាច្រើនដើម្បីទប់ទល់នឹងហានិភ័យអាកាសធាតុ ដូចជា កំណើនកម្ពស់ទឹកសមុទ្រ វិសមរូបសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ។ល។ ដូចនេះ កម្ពុជាត្រូវការជាបន្ទាន់នូវផែនការជាតិដែលអាចបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដ៏មានប្រសិទ្ធភាព និងសមស្របតាមកាលៈទេសៈជាតិ។
ក្រោមកិច្ចសហការរវាងបណ្តាញការងារសកលផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (NAP Global Network) វេទិកាអន្តរជាតិនេះនឹងរៀបចំរយៈបីថ្ងៃចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ វេទិកានេះគោលបំណង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសនានាក្នុងដំណើរការរៀបចំផែនការជាតិបន្ស៊ាំរបស់ខ្លួនឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
កម្ពុជា ក៏បានចែករំលែកសមិទ្ធផលនិងបទពិសោធន៍សំខាន់ៗរបស់ខ្លួនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដំណើរការរៀបចំផែនការជាតិបន្ស៊ាំ ដូចជា កំណែទម្រង់ស្ថាប័នដោយការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ការរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជានិងយុទ្ធសាស្រ្តតាមវិស័យពាក់ព័ន្ធ ការរៀបចំដំណើរការផែនការជាតិបន្ស៊ាំ និងសម្របសម្រួលឱ្យមានយន្តការហិរញ្ញប្បទានសម្រាប់បន្ស៊ាំនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ព្រឹត្តិការណ៍នេះ ក៏បានស្វែងយល់អំពីឧបសគ្គនានានៃការរៀបចំដំណើរការផែនការជាតិបន្ស៊ាំ និងយុទ្ធសាស្រ្តដោះស្រាយបញ្ហា របៀបនៃការបញ្ជ្រាបសកម្មភាពបន្ស៊ាំទៅក្នុងយុទ្ធសាស្រ្តរបស់វិស័យពាក់ព័ន្ធ និងការកំណត់វិសាលភាពបន្ស៊ាំពីបណ្តាប្រទេសនានា។
ដោយយោងតាមសន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ២០១៥ កម្ពុជាស្ថិតនៅក្នុងលំដាប់ទី៨ក្នុងបណ្តាប្រទេសដែលប្រឈមនឹងហានិភ័យពីមុខសញ្ញាគ្រោះធម្មជាតិ ហើយបើយោងតាមសន្ទស្សន៍ហានិភ័យសកលលោកឆ្នាំ២០១៦កម្ពុជាស្ថិតក្នុងលំដាប់ទី១៣ ដែលទទួលរងហានិភ័យពីការប្រែប្រួលអាកាសធាតុ។ ដំណើរការផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុត្រូវបានបង្កើតដោយអង្គការសហប្រជាជាតិ សម្រាប់បណ្តាប្រទេសនានារៀបចំផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរឹងម៉ាំសមស្របតាមតម្រូវបន្ស៊ាំ និងបរិបទរបស់ប្រទេសនីមួយៗ។